ព័ត៌មានអន្តរជាតិ

News Update៖ អាជ្ញាធរព្រមានអំពីការ ជម្លៀសពលរដ្ឋចេញពីតំបន់ដែលរងគ្រោះ ដោយរញ្ជួយដី៨រ៉ិចទ័រ នៅណូវែលសេឡង់

វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA)របស់ប្រទេសណូវែលសេឡង់ នៅថ្ងៃសុក្រនេះ បានប្រកាសអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៨រ៉ិចទ័រ កាលពីយប់មិញ ដែលជាការរញ្ជួយដីខ្លាំងលើកទី៣ នៅវេលាម៉ោង៨និង២៥នាទីព្រឹក ម៉ោងក្នុងស្រុក នៅដែនកោះ Kermadec ចម្ងាយប្រមាណ១.១០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃដែនកោះខាងជើងរបស់ប្រទេសណូវែលសេឡង់ ។

ទីភ្នាក់ងារ NEMA បានជំរុញដល់ពលរដ្ឋក្នុងស្រុកឲ្យភៀសខ្លួនភ្លាមៗ ដើម្បីទៅរកទីសុវត្ថិភាព ដែលជាទីទួលខ្ពស់ៗ ក្រៅពីតំបន់ដែលធ្វើការជម្លៀសខ្លួនពីរលកយក្សស៊ូណាមិ ឬឲ្យនៅឆ្ងាយពីតំបន់រងគ្រោះតាមដែលអាចធ្វើទៅបាន និងកុំសម្រាកនៅក្នុងផ្ទះ រហូតដល់មានការជូនដំណឹងជាថ្មីពី NEMA ។

ដំបូងឡើយ គ្រោះរញ្ជួយដីមួយទៀត មានកម្រិត៧,៤រ៉ិចទ័រ ដែលបានអង្រួននៅដែនកោះ Raoul ដែលកោះដ៏ធំនៃប្រជុំកោះ នៅវេលាម៉ោង៦និង៤១នាទីព្រឹក ម៉ោងក្នុងស្រុក ។

តំបន់ឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយ ក្នុងនោះរាប់ទាំងផ្នែកមួយចំនួននៅភាគខាងជើង និងខាងកើតនៃកោះ ភាគខាងជើងបានរងនូវផលប៉ះពាល់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×