ព័ត៌មានអន្តរជាតិ

រដ្ឋបាលខេត្តស្វាយរៀង ទទួលអំណោយ ២៥០០០ម៉ាសនិងអាល់១០កេស nពីសប្បុរសជនដើម្បីចូលរួម ប្រយុទ្ធនឹងជំងឺកូវីដ-១៩

ស្វាយរៀង : លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២១នេះ បានទទួលយកអំណោយម៉ាស អាកុល និងថវិកាពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ 

លោកម៉ែន វិបុលបានថ្លែងនូវការអរគុណចំពោះលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ មិនត្រឹមតែបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ លោកប្រធានតំបន់តែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្តទៅលើការងារអភិវឌ្ឍផ្សេងៗជាដើម។ ជាក់ស្តែងសម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោកអភិបាលខេត្តបានបញ្ជាក់ថា អំណោយ និងថវិកាដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និង​យកទៅចាត់ចែងប្រើប្រាស់ឲ្យចំទិសដៅ ក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមបរិបទនាពេលបច្ចុប្បន្ន។​

លោកបន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ «៣ការពារ និង ៣កុំ» ស្របតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនបំផុត។

អំណោយទាំងនោះរួមមាន ម៉ាស១០កេសធំ ស្មើនឹង២៥,០០០ម៉ាស អាល់កុល១០កេស ស្មើនឹង៤៨០ដប។

សូមបញ្ជាក់ថាថ្មីៗនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តស្វាយរៀងសូមធ្វើ ការអំពាវនាវ ដល់អ្នកដែលមានការពាក់ព័ន្ធ ឬដឹងថាខ្លួនប៉ះពាល់ជាមួយនឹងស្ត្រីជនជាតិវៀតណាមពីរនាក់ដែលឆ្លងជំងឺកូវីដ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ ឱ្យ បានទាន់ពេលវេលា ដោយត្រូវទៅជួបក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ដែល ប្រចាំការនៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តកម្រិត២ ក្រុងបាវិត ឬតាមរយៈទូរស័ព្ទ លេខ ០៨៨ ៦៣៤២ ៧០០/០៨៨ ៧៩ ៣៦ ៣៧៣ ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុម ការងារពិនិត្យយកវត្ថុសំណាកតេស្ដរកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ តាមការកំណត់ របស់ក្រសួងសុខាភិបាល៕

To Top