ព័ត៌មានអន្តរជាតិ

សមាជិករដ្ឋសភា ស្នើឲ្យលោក បៃដិន ជំរុញអ៊ីស្រាអែល ចាក់ថ្នាំវ៉ាក់សាំង ឲ្យពួកប៉ាឡេស្ទីន

បរទេស៖ សមាជិករដ្ឋសភា មកពីគណបក្សលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានជំរុញរដ្ឋបាលលោក បៃដិន ឲ្យជំរុញប្រទេសអ៊ីស្រាអែល ឲ្យចាក់ថ្នាំវ៉ាក់សំាងការពារ ជម្ងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋប៉ាឡេស្ទីន។

នៅក្នុងលិខិតមួយដាក់ ជូនរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken នោះ សមាជិករដ្ឋសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ ចំនួន១៧នាក់ ដឹកនាំដោយលោក Mark Pocan បានស្នើឲ្យក្រសួងការបរទេស ធានាថា រដ្ឋាភិបាលនៃ ប្រទេសអ៊ីស្រាអែល នឹងចេញកម្មវិធីចាក់ថ្នាំវ៉ាក់សាំង សម្រាប់ប្រជាជន ប៉ាឡេស្ទីន ដែលរស់នៅក្នុងតំបន់ West Bank និងតំបន់ហ្គាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mark Pocan បាននិយាយថា “ប្រទេសអ៊ីស្រាអែល មានទំនួលខុសត្រូវស្របច្បាប់ ស្ថិតក្រោមច្បាប់អន្តរជាតិ ក្នុងនាមជាអ្នកក្តោបក្តាប់ អំណាច ត្រូវផ្តល់ឲ្យប្រជាជនប៉ាឡេស្ទីន នូវតំហែទាំសុខភាព ចាំបាច់នានា រួមទំាងការផ្តល់ថ្នាំវ៉ាក់សាំង កូវីដ១៩”។

លោកបាន បន្តទៀតយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក ត្រូវតែធ្វើជាជំហរ សម្រាប់តម្រូវការ របស់ប្រជាជនប៉ាឡេស្ទីន នៅក្នុងអំឡុងពេល នៃការរាតត្បាត ជម្ងឺជាសកលនេះ និងធ្វើឲ្យប្រាកដថា ពួកគេទទួលបានកម្រិត នៃការយកចិត្តទុកដាក់ដូចគ្នា ពីរដ្ឋាភិបាលអ៊ីស្រាអែល ដែលយើងស្នើ នៅក្នុងសហគមន៍ ផ្ទាល់របស់យើង”៕

ប្រែសម្រួល៖ប៉ាង កុង

To Top