ព័ត៌មានអន្តរជាតិ

តួកគីបណ្តេញសមាជិកសភា មកពីបក្សប្រឆាំង និងស្វះស្វែងរំសាយចោលបក្ស HDP

បរទេស៖ នៅក្នុងសកម្មភាព ដែលលោកខាងលិច និងក្រុមសិទ្ធិមនុស្ស ពិពណ៌នាថា ធ្វើឲ្យប៉ះពាល់ ដល់លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសតួកគីនោះ មន្ត្រីនានាមានទំនោរ រំសាយចោលបក្សប្រឆាំង គាំទ្រពួកឃឺដ នៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយបណ្ដេញ សមាជិករដ្ឋសភាបក្សប្រឆាំងមួយរូប។

លោក Omer Faruk Gergerlioglu មកពីគណបក្សលទ្ធិប្រជាធិបតេយ្យប្រជាជន ដែលហៅកាត់ថា HDP ត្រូវបានគេបណ្ដេញចេញពីរដ្ឋសភាតួកគី ក្រោយការផ្តន្ទារទោស ដ៏ចម្រូងចម្រាស់កាលពីពេល៥ឆ្នាំមុន ជុំវិញការបង្ហាញសារ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគេចោទថា ជាការឃោសនាអំពើភេរវកម្មនោះ ត្រូវបានសម្រេចកាលពីខែមុន។

សាលក្រមតុលាការ ដែលកាត់ទោស ដាក់ពន្ធនាគារលោករយៈពេល៣០ខែ បានគេអានឮៗនៅក្នុងរដ្ឋសភា កាលពីថ្ងៃពុធ ជំរះផ្លូវដើម្បីឲ្យដាក់ពន្ធនាគារ លោក Gergerlioglu ដែលជាអ្នករិះគន់ ចំពោះលោកប្រធានាធិបតីតួកគី និងជាអ្នកគាំទ្រសិទ្ធិមនុស្ស នេះបើយោងតាមការឲ្យដឹងពីគណបក្ស HDP។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Gergerlioglu បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំនឹងតស៊ូជំទាស់នឹងរដ្ឋប្រហារ ដែលប្រឆំាងរដ្ឋសភាជាតិតួកគី ឆន្ទៈរបស់ប្រទេស មិនអាចត្រូវជាន់ឈ្លីនោះទេ ហើយការចង់បានសន្តិភាព គឺមិនមែនជាឧក្រិដ្ឋកម្មនោះឡើយ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top