រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៤៣៨ នាក់ត្រឹមរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩២,៧៥២នាក់ ខណៈប្រព័ន្ធសុខាភិបាលនៅតែបន្តដួលរលំ នៅទូទាំងប្រទេស។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រទេសប្រេស៊ីល ក៏បានចុះបញ្ជីករណីឆ្លងថ្មីចំនួន ៧៩,០៦៩ ករណីផងដែរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរដ្ឋសៅប៉ូឡូលោក Edson Aparecido បានលើកឡើងថា ការប្រើប្រាស់អុកស៊ីសែននៅក្នុងមន្ទីរពេទ្យបានកើនឡើង ១២១ ភាគរយ ក្នុងរយៈពេលពីរខែ ហើយរដ្ឋាភិបាលក្នុងតំបន់ បានស្នើសុំឱ្យសហព័ន្ធឧស្សាហកម្មក្នុងស្រុក ធ្វើអន្តរាគមន៍ ដើម្បីធានាការផ្គត់ផ្គង់ធុងអុកស៊ីសែន។
ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកថ្មីនៃការបង្ករោគ ដែលបង្កឡើងដោយវីរុស P.1 ដែលបានផុសឡើងនៅរដ្ឋអាម៉ាសា នៅភាគខាងជើងប្រទេសកាលពីក្នុងខែវិច្ឆិកាឆ្នាំមុន និងចលនារបស់ប្រជាជន ក្នុងរដូវវិស្សមកាលរដូវក្តៅ ៕
ដោយ ឈូក បូរ៉ា
