ព័ត៌មានអន្តរជាតិ

តៃវ៉ាន់អះអាងថា បានចាប់ផ្តើមផលិតមីស៊ីលចំងាយឆ្ងាយ ក្នុងទ្រង់ទ្រាយធំ

បរទេសៈ យោងតាមការចេញផ្សាយរបស់ The National Post នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កោះតៃវ៉ាន់គឺត្រូវបានគេជឿជាក់ថា កំពុងចាប់ផ្តើមកិច្ចការងារផលិតមីស៊ីល ប្រភេទចំងាយឆ្ងាយនៅក្នុងទ្រង់ទ្រាយដ៏ធំមួយ ដែលមន្ត្រីជាន់ខ្ពស់យោធាតៃវ៉ាន់ បានហៅថា វាជាកិច្ចខំប្រឹងប្រែង ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ របស់កងកម្លាំងយោធាការពារជាតិរបស់ខ្លួន ខណៈដែលចិន នៅតែបន្តដាក់សំពាធនៅឡើយ។

គួរឲ្យដឹងដែរថា មួយរយៈមកនេះ ចិនដែលតែងតែបានប្រកាន់ជំហរថា តៃវ៉ាន់គឺស្ថិតនៅ ក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះ គឺបានឈានមួយជំហ៊ានទៀតហើយ ក្នុងការបន្តដាក់សំពាធ ដល់កោះឯករាជ្យមួយនេះ តាមរយៈសកម្មភាពយោធានៅក្បែរកោះជាដើម។

រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Chiu Kuo cheng បានបញ្ជាក់បន្ថែម ពីសេចក្តីប្រកាសនេះថា៖ ពួកយើងសង្ឃឹមយ៉ាងមុតម៉ាំថា មីស៊ីលចំងាយឆ្ងាយទាំងនោះ គឺមានសមត្ថភាពច្បាស់លាស់ និងអាចចល័តបានយ៉ាងងាយស្រួល ហើយអះអាងថា វាគឺជាសមទ្ធិផល ដែលបានមកពីវិទ្យាស្ថានជាតិ ស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung Shan។

ជាផ្នែកមួយនៃព័ត៌មានបន្ថែម អំពីកម្មវិធីផលិតមីស៊ីលនេះ លោកបន្តថា វិទ្យាស្ថានជាតិ Chung Shan គឺជាវិទ្យាស្ថានដែលនាំមុខគេ ក្នុងបច្ចេកវិទ្យាផលិតអាវុធរបស់ជាតិ ហើយបច្ចុប្បន្ន ការធ្វើតេស្តសាកល្បងមីស៊ីលទាំងនោះ គឺកំពុងត្រូវបានធ្វើឡើង នៅក្នុងតំបន់ឆ្នេរសមុទ្រ ភាគអាគ្នេយ៍នៃកោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top