ព័ត៌មានអន្តរជាតិ

គុយបា មានករណីថ្មីនៃជំងឺកូវីដ១៩ លើសពី១ពាន់នាក់

ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សាធារណៈបាននិយាយថា ប្រទេសគុយបា ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអង្គារថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន១.០៣០នាក់ កាលពីថ្ងៃមុន ដែលគេបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺ នៅក្នុងប្រទេសដែនកោះមួយនេះ កើនឡើង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់ ៨១.៦៤០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀត ចំនួន០៤នាក់ សរុបអ្នកស្លាប់ កើនឡើងដល់ ៤៤០នាក់ ។

លោក Francisco Duran នាយកទទួលបន្ទុក កិច្ចការអនាម័យ និងជំងឺឆ្លងចំណុះឲ្យក្រសួងខាងលើ បានរាយការណ៍ថា ក្នុងចំណោម ករណីថ្មី គឺចំនួន១.០២១នាក់ ជាអ្នកឆ្លងជំងឺនៅក្នុងសហគមន៍ ជាមួយគ្នានេះដែរ ៤៣៧នាក់ ក្នុងចំណោមពួកគេ នៅក្រុងហាវ៉ាណា ដែលជាចំណុចកណ្តាលដែលនៅបន្តឆ្លងរាតត្បាត ។

កាលពីថ្ងៃអង្គារ លោក Miguel Diaz-Canel ប្រធានាធិបតីគុយបា បានប្រកាសក្តែងៗពីវិធានការ ដើម្បីទប់ស្កាត់អត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស ហើយបានព្រមានតាមបណ្តាញសង្គម Twitter ថា “ការយល់ដឹងនៅកម្រិតទាប ដែលបង្កហានិភ័យ គឺគ្រោះថ្នាក់ខ្ពស់បំផុត” ។

លោកប្រធានាធិបតីបានសរសេរនៅលើបណ្តាញសង្គមឲ្យដឹងថា “ការក្រើនរំលឹកចាប់ផ្តើម ក្នុងខែមេសានេះ ដែលមានអ្នកឆ្លងជំងឺគិតជាមធ្យម ប្រចាំថ្ងៃជាង១.០០០នាក់ ភាគច្រើននៅក្រុង ហាវ៉ាណា ។ ក្នុងរយៈពេលប៉ុន្មានម៉ោង នឹងមាន” វិធានការតឹងតែង ដោយបានផ្អែកលើវធានការនានា ដែលស្រដៀងគ្នាទៅនឹងការផ្ទុះជំងឺលើកដំបូងដែរ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top