បរទេស៖ ក្រុមការងាររដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនកំពុងតែ បង្កើនវត្តមានរបស់ខ្លួន នៅដែនសមុទ្រចិនខាងត្បូង ហើយនិងបញ្ជូននាវានិងយន្តហោះបន្ថែមទៅការពារអធិបតេយ្យភាព និងធនធាននៅដែនសមុទ្ររបស់ខ្លួន។
ហ្វីលីពីន បានបង្កើនវោហារសាស្ត្រខ្លួនក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្នុងដំណើរប្រឆាំងនឹងអ្វីដែលខ្លួននិយាយថា ជាឥរិយាបថគម្រាមកំហែងធ្វើឡើងដោយនាវាចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រវែង២០០ម៉ាយរបស់ខ្លួន បើទោះជាមានការផ្សះផ្សារគ្នាអស់រយៈពេល៤ឆ្នាំជាមួយចិនក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមការងារទទួលបន្ទុកកិច្ចការដែនសមុទ្រចិនខាងត្បូងរបស់ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយដូច្នេះថា “យើងកំពុងតែប្រើអស់មធ្យោបាយដែលមាន ដើម្បីការពារទឹកដីនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង”។
គួរបញ្ជាក់ថា ការបញ្ជូននាវានិងយន្តហោះរបស់ហ្វីលីពីននេះ គឺជាទង្វើដ៏ថ្មីបំផុតមួយ ក្នុងជម្លោះកំពុងកើតមានជាមួយចិន ជុំវិញអ្វីដែលទីក្រុងម៉ានីលហៅថា ជាការប្រមូលផ្តុំនាវានេសាទរាប់រយប្រើប្រាស់ដោយកងជីវពលគាំទ្រដោយរដ្ឋចិន ប៉ុន្តែចិនបានបដិសេធថា គ្មានពួកកងជីវពលនៅលើទូកនេសាទទាំងនោះទេ៕ប្រែសម្រួល៖ប៉ាង កុង