ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ បទឈប់បាញ់គ្នា រវាងអាមេនី និងអាហ្សែបៃហ្សង់ ត្រូវតែមានការអង្កេតមើល

បរទេស៖ វិមានក្រឹមឡាំងបាននិយាយ នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ ឲ្យមានការអង្កេតមើលដ៏ហ្មត់ចង់ លើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ រវាងអាមេនីនិងអាហ្សែបៃហ្សង់ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយលោកនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan។

តាមសេចក្តីរាយការណ៍ កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ គឺធ្វើឡើងតាមសំណើរបស់ប្រទេសអាមេនី ក្រោយក្រសួងការពារជាតិនៃប្រទេសនេះ បានចោទប្រទេសអាហ្សែបៃហ្សង់ ពីបទចល័តទ័ពចូលទៅក្នុងទឹកដីខ្លួន ហើយអគ្គរដ្ឋអាជ្ញាអាមេនី បានបើកសំណុំរឿងព្រហ្មទណ្ឌមួយ ទៅជាការរំលោភបំពានបូរណភាពទឹកដី។

ប្រទេសអាហ្សែបៃហ្សង់ បានបដិសេធចំពោះការចោទប្រកាន់នោះ ដោយនិយាយថា ខ្លួនកំពុងតែពង្រឹងកិច្ចការពារព្រំដែនរបស់ខ្លួន ហើយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អាមេនីបាននិយាយថា ខ្លួនបានបញ្ឈប់ការរុលទៅមុខ របស់ពួកអាហ្សែបៃហ្សង់ និងថា កងទ័ពអាហ្សែបៃហ្សង់ បានវិលត្រឡប់ទៅកាន់ទីតាំងខ្លួនវិញ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានធ្វើការសម្របសម្រួល ដល់បទឈប់បាញ់គ្នាមួយ កាលពីឆ្នាំមិញនេះ បញ្ចប់ជម្លោះបង្ហូរឈាម រវាងកងកម្លាំងអាហ្សែបៃហ្សង់ និងជនជាតិភាគតិចអាមេនី នៅតំបន់ Nagorno-Karabakh ដែលស្ថិតនៅក្នុងទឹកដី នៃប្រទេសអាហ្សែបៃហ្សង់៕

ប្រែសម្រួល៖ ប៉ាង កុង

To Top