ព័ត៌មានអន្តរជាតិ

ចិនថា ទស្សកិច្ចរបស់មន្រ្តីព្រឹទ្ធសភា អាមេរិក៣រូប ទៅកាន់កោះតៃវ៉ាន់ ជាការបង្កហេតុដ៏សាហាវ

បរទេស៖ កោះតៃវ៉ាន់ដែលត្រូវបាន ប្រទេសចិន ចាត់ទុកថាជាផ្នែកមួយ នៃទឹកដីរបស់ខ្លួននោះ គឺត្រូវបានសមាជិក ព្រឹទ្ធសភាអាមេរិកមួយក្រុម ធ្វើទស្សនកិច្ចនៅថ្ងៃអាទិត្យ ដោយធ្វើដំណើរ តាមយន្តហោះយោធាអាមេរិក។ សមាជិកសភា បានប្រកាសថា ពួកគេនឹងបរិច្ចាគ នូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ៧៥០ ០០០ដូស សំរាប់កោះនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិចិន នៅថ្ងៃអង្គារ បានស្តីបន្ទោសចំពោះ ដំណើរទស្សនកិច្ច របស់សមាជិកព្រឹទ្ធសភា អាមេរិក ៣រូប ទៅកាន់កោះតៃវ៉ាន់ នោះថា «ជា ការបង្កហេតុដ៏សាហាវ»។

ក្រសួងការពារជាតិចិន បាននិយាយថា «យើងប្រឆាំងដាច់ខាតចំពោះ ដំណើរទស្សនកិច្ចនេះ»។

សមាជិកព្រឹទ្ធសភា អាមេរិកចំនួន ៣ រូបគឺគណបក្សប្រជាធិបតេយ្យ Tammy Duckworth Christopher Coons និងសមាជិកសភាសាធារណរដ្ឋលោក Dan Sullivan បានធ្វើទស្សនកិច្ច នៅកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃដំណើរ ទៅកាន់តំបន់នេះ។ ការមកដល់របស់ពួកគេ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់មន្រ្តីចិន និងសាធារណៈជន ខណៈក្រុមសមាជិកព្រឹទ្ធសភា អាមេរិកទាំងពីរ គណបក្សបានសន្យាថា នឹងបរិច្ចាគវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ៧៥០ ០០០ ដូស ដល់កោះតៃវ៉ាន់ ដែលប្រទេសចិន ចាត់ទុកថាជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រឆាំងរាល់ការប៉ុនប៉ង របស់មហាអំណាចបរទេស ជាពិសេសអាមេរិកដើម្បីចាត់ទុកកោះនេះ ជាប្រទេសឯករាជ្យ និងរក្សាទំនាក់ទំនង ការទូតដាច់ដោយឡែក ជាមួយកោះតៃវ៉ាន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top