បរទេស៖ ប្រទេសម៉ាឡេស៊ីនិងកោះតៃវ៉ាន់ កំពុងតែរំពឹងថា ការដឹកជញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ដែលផលិតនៅក្នុងប្រទេសថៃ នឹងត្រូវពន្យាពេល នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។
ការពន្យាពេលនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានក្តីព្រួយបារម្ភ ជុំវិញផែនការចែកចាយថ្នាំវ៉ាក់សាំង AstraZeneca នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពឹងផ្អែកលើថ្នាំ២០០លានដូស ដែលផលិតដោយក្រុមហ៊ុន Siam Bioscience ជាក្រុមហ៊ុនមួយរបស់សេ្តចថៃ ធ្វើការផលិតថ្នាំវ៉ាក់សាំងជាលើកដំបូង។

រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ លោក Chen Shih-chung បានមានប្រសាសន៍ប្រាប់សមាជិកសភានៅថ្ងៃអង្គារថា ការបញ្ជាទិញថ្នាំវ៉ាក់សំាង AstraZeneca នឹងត្រូវពន្យាពេលត្រឹមរយៈពេលមួយខែ ដោយសារតែបញ្ហាផលិតកម្ម នៅរោងចក្រថៃរបស់ក្រុមហ៊ុន។
ចំណែកម៉ាឡេស៊ី ដែលនឹងត្រូវទទួលបានថ្នាំវ៉ាក់សាំងចំនួន៦១០.០០០ដូស ពីប្រទេសថៃនៅក្នុងខែនេះ និង១,៦លានដូសបន្ថែមទៀត នៅចុងឆ្នាំនេះនោះ ក៏កំពុងតែរំពឹងពីការពន្យាពេលនោះផងដែរ នេះបើយោងតាមសម្តីរដ្ឋមន្ត្រីវិទ្យាសាស្ត្រ លោក Khairy Jamaluddin បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះ៕
ប្រែសម្រួល៖ប៉ាង កុង
