ព័ត៌មានអន្តរជាតិ

ជប៉ុន អំពាវនាវឲ្យអន្ដរជាតិ ជួយដោះស្រាយបញ្ហាចាប់ពង្រាត់ដោយ កូរ៉េខាងជើង

តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយធានាដល់ការវិលត្រឡប់របស់ជនរងគ្រោះនៃការចាប់ជំរិតកាលពីអតីតកាលដោយកូរ៉េខាងជើង នៅក្នុងសន្និសីទតាមអ៊ឺនធឺណិតមួយនៅឯអង្គការសហប្រជាជាតិ។

ប្រធានលេខាធិការខុទ្ទកាល័យបានលើកឡើងថា“ បញ្ហាចាប់ជំរិត គឺជាបញ្ហាសំខាន់ទាក់ទងនឹងអធិបតេយ្យភាពរបស់ជប៉ុន និងជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន យើងនឹងប្រឹងប្រែងអស់ពីលទ្ធភាពដោយមិនបាត់បង់ឱកាសណាមួយ ដើម្បីធានាថាអ្នកត្រូវបានចាប់ពង្រត់ទាំងអស់វិលត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់បំផុត” ។ ។

លោក Katsunobu Kato បានលើកឡើងថា“ ខ្ញុំសង្ឃឹមថាសន្និសីទនេះ នឹងបង្កើនសន្ទុះនៅក្នុងសហគមន៍អន្តរជាតិ ដើម្បីទាមទារដំណោះស្រាយនៃការចាប់ពង្រត់ ដែលជាបញ្ហាសកលលោក” ។

សន្និសិទដែលជប៉ុនសហការជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលី បានឃើញសមាជិកគ្រួសាររបស់ជនជាតិជប៉ុនដែលត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើង នៅទសវត្សឆ្នាំ ១៩៧០ និង ១៩៨០ ផ្តល់សក្ខីកម្មដែលបង្ហាញពីដួងចិត្តរបស់ពួកគេ រួមជាមួយសាច់ញាតិអាមេរិក រ៉ូម៉ានី និងថៃ ដោយជនជាតិក៏គេជឿថា ត្រូវបានចាប់ខ្លួនដោយកូរ៉េខាងជើង ផងដែរ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានលើកឡើងថា“ កូរ៉េខាងជើង ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សរាប់មិនអស់ រួមទាំងការចាប់ពង្រត់ទាំងនេះ ហើយយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តភក្តិ និងសម្ព័ន្ធមិត្តរបស់យើង រួមទាំងប្រទេសជប៉ុន ដើម្បីដោះស្រាយភាពអយុត្តិធម៌ដែលមានជាយូរមកហើយ” ។

លោក Kato ដែលមានតួនាទីជារដ្ឋមន្រ្តីជប៉ុនទទួលបន្ទុកបញ្ហាចាប់ជំរិតនេះបានបញ្ជាក់ជាថ្មីថាលោកនាយករដ្ឋមន្រ្តី Yoshihide Suga មានឆន្ទៈក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌជាមុនដើម្បីបំបែកភាពជាប់គាំងនៅក្នុងទំនាក់ទំនងទ្វេភាគី៕

ដោយ ឈូក បូរ៉ា

To Top