បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃសុក្របានអបអរសាទរចំពោះការងើបឡើងវិញជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកពីវិបត្តិ Covid-19 នៅពេលសេដ្ឋកិច្ចអាមេរិកទទួលបានការងារថ្មីចំនួន ៨៥០ ០០០ កន្លែង នៅក្នុងខែមិថុនា ដែលនេះជាភស្តុតាងនៃការងើបឡើងវិញយ៉ាងទូលំទូលាយ។
យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការងារអាមេរិក បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែដែលបានឃ្លាំមើលយ៉ាងដិតដល់ថា ការកើនឡើងនេះគឺប្រសើរជាងការរំពឹងទុកនិងបានកើតឡើងបន្ទាប់ពីលទ្ធផលខកចិត្តអស់រយៈពេល ២ ខែ ដែលត្រូវបានបង្កើតឡើងដោយការកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យកម្សាន្ត និងបដិសណ្ឋារកិច្ចដែលរងគ្រោះខ្លាំង។
ជាមួយនឹងកំណើនចុងក្រោយនេះ ប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានបន្ថែមការងារចំនួន ៣,៣ លានកន្លែងទៀត ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។
លោក Biden បាននិយាយនៅឯសេតវិមានថា « នេះគឺជាវឌ្ឍនភាពជាប្រវត្តិសាស្ត្រដែលទាញសេដ្ឋកិច្ចរបស់យើងចេញពីវិបត្ដិអាក្រក់បំផុតក្នុងរយៈពេល ១០០ ឆ្នាំ»៕ ប្រែសម្រួលៈ ណៃ តុលា
