ព័ត៌មានអន្តរជាតិ

ប្រទេសចិនបិទទីក្រុងមួយ ដែលជាប់ប្រទេសមីយ៉ាន់ម៉ា ជាលើកទី២ ក្រោយរកឃើញអ្នកឆ្លងវីរុស៣នាក់

បរទេស៖ ទីក្រុងចិនមួយនៅជិតព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា បានដាក់ចេញនូវការបិទខ្ទប់ និងបានចាប់ផ្តើមធ្វើតេស្តិ៍រកវីរុសទ្រង់ទ្រាយធំ បន្ទាប់ពីមានករណីឆ្លងវីរុសចំនួន ៣ នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយមន្រ្តីបានប្រញាប់ប្រញាល់ទប់ស្កាត់ការផ្ទុះឡើងមួយផ្សេងទៀត។

យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នេះជាលើកទី ២ ហើយក្នុងរយៈពេល ៤ ខែ ដែលទីក្រុង Ruili ក្នុងប្រទេសចិន ជាកន្លែងដែលមានប្រជាជនជាង ២១០ ០០០ នាក់ ត្រូវបានបិទទ្វារបន្ទាប់ពីរកឃើញករណីនាំចូលពីប្រទេសមីយ៉ាន់ម៉ា។

ទីក្រុង Ruili គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយពីស្ពាន Muse ក្នុងប្រទេសជិតខាង មីយ៉ាន់ម៉ា ដែលត្រូវបានគេមើលឃើញថាមានភាពច លាចលកាន់តែខ្លាំងឡើងចាប់តាំងពីរដ្ឋប្រហារ យោធាថ្ងៃទី ១ ខែកុម្ភៈ ដែលបង្កការភ័យខ្លាចថាប្រជាជននឹងព្យាយាមជន់លិច ព្រំដែនចូលប្រទេសចិន ដើម្បីគេចចេញពីអំពើហិង្សា។

យោងតាមអាជ្ញាធរសុខាភិបាលក្នុងខេត្តយូណាន បានអោយដឹងថា អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺទាំង ៣ នាក់នោះគឺជាជនជាតិមីយ៉ាន់ម៉ា។

ប្រទេសចិនបានបិទស្ពានដ៏សំខាន់ និងកន្លែងឆ្លងទៅប្រទេសមីយ៉ាន់ម៉ាកាលពីខែមីនា នៅពេលដែលមានករណីឆ្លងព្រំដែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top