ព័ត៌មានអន្តរជាតិ

ជើងហោះហើររាប់រយត្រូវបានលុប ចោល និងសាលារៀនត្រូវបិទទ្វារ ខណៈពេលដែលទីក្រុង ប៉េកាំង ត្រូវព្យុះវាយប្រហារ

បរទេស៖ ជើងហោះហើររាប់រយជើងត្រូវបានលុបចោលនៅទីក្រុងប៉េកាំង ខណៈសាលារៀននិងតំបន់ទេសចរណ៍នានា ត្រូវបានបិទ ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោក នៅថ្ងៃច័ន្ទ។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរក្រុងបានចេញការព្រមានដល់ប្រជាជនឱ្យស្នាក់នៅផ្ទះ ខណៈដែលរដ្ឋធានីចិន ប្រឈមមុខនឹងព្យុះធំបំផុតនៅឆ្នាំនេះ។

ភ្លៀងធ្លាក់ក្នុងកម្រិត ១០០ មីល្លីម៉ែត្រ ត្រូវបានគេព្យាករណ៍ពេញមួយថ្ងៃនៅក្នុងតំបន់ខ្លះ ហើយអ្នកតាមដានអាកាសចរណ៍ VariFlight បានកត់ត្រាជើងហោះហើរចំនួន ៧០០ ជើង ដែលត្រូវបានលុបចោលនៅអាកាសយានដ្ឋានពីររបស់ទីក្រុង។

អាជ្ញាធរអាកាសធាតុបានព្រមានពី“ ព្យុះភ្លៀងខ្លាំង” បូកនឹងផ្គររន្ទះនិងផ្លេកបន្ទោរ ចាប់ពីល្ងាចថ្ងៃអាទិត្យដល់ល្ងាចថ្ងៃច័ន្ទនៅទីក្រុងប៉េកាំង និងតំបន់ជិតខាង។

ការរអិលបាក់ដីត្រូវបានកត់ត្រាផងដែរ នៅក្នុងសង្កាត់មួយនៃភាគខាងជើងនៃទីក្រុង ដោយទូរទស្សន៍ CCTV បានបង្ហាញរូបភាពនៃផ្លូវដែលត្រូវបានរារាំងដោយផ្ទាំងថ្មដែលរលំ។ យោងតាមទូរទស្សន៍រដ្ឋបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានពន្យាពេលកិច្ចខិតខំប្រឹងប្រែងដើម្បីសម្អាតផ្លូវនេះផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top