បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រធានាធិបតីទុយនេស៊ី បានប្រកាសបណ្តេញនាយករដ្ឋមន្ត្រី ចេញពីតំណែងព្រមទាំងផ្អាកដំណើរការ របស់សភាជាតិផងដែរបន្ទាប់ពី ពេលដែលហេតុការណ៍អំពើហិង្សា
តវ៉ាប្រឆាំងដោយពលរដ្ឋ បានផ្ទុះឡើងនៅក្នុងប្រទេស។
ពលរដ្ឋជាអ្នកតវ៉ាជាច្រើនពាន់នាក់ ដែលបានបង្ហាញពីភាពខឹងសំបារ ជាមួយនឹងរដ្ឋាភិបាលជាពិសេស ទៅលើដំណោះស្រាយនៃ បញ្ហារីករាលដាននៃវិបត្តិកូវីដ បាននាំគ្នាដើរតាមផ្លូវនានា និងព្រមទាំងបានប៉ះទង្គិចខ្លាំងៗ ជាមួយនឹងក្រុមប៉ូលីសរបស់ប្រទេស
ទុយនេស៊ីផងដែរ។

លោកប្រធានាធិបតី Kais Saied បានប្រកាសថា លោកនឹងទទួលយកសិទ្ធពេញលេញ ក្នុងការចាត់ចែងទៅលើបញ្ហានេះ ព្រមទាំងជំនួយពីសំណាក់ នាយករដ្ឋមន្ត្រីថ្មីផងហើយបញ្ជាក់ថា លោកនឹងអាចធ្វើឲ្យភាពតានតឹងត្រឡប់ មកល្អប្រសើរវិញនាពេលខាងមុខនេះ ប៉ុន្តែចំពោះក្រុមបក្សប្រឆាំងនឹង រដ្ឋាភិបាលវិញបានហៅថា សកម្មភាពនេះជាការធ្វើរដ្ឋប្រហារទៅវិញ។
យប់ថ្ងៃអាទិត្យម្សិលមិញនេះ ពលរដ្ឋជាក្រុមបាតុករបាននាំគ្នា ធ្វើការអបអរចំពោះដំណឹងនេះ ហើយក្នុងនោះលោកប្រធានាធិបតី Saied ក៏បានចូលរួមនៅក្នុងក្រុមហ្វូង អ្នកគាំទ្រផងដែរនៅក្នុងទីក្រុង Tunis ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
