ព័ត៌មានអន្តរជាតិ

លោក បៃដិន អនុញ្ញាតឲ្យពលរដ្ឋ ហុងកុង អាចបន្ដស្នាក់នៅអាមេរិក ដែលប្រឈម នឹងការបង្ក្រាបរបស់ចិន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើអនុស្សរណៈមួយ ដែលអនុញ្ញាតឱ្យប្រជាជនហុងកុង នៅសហរដ្ឋអាមេរិកពន្យារការស្នាក់នៅរបស់ពួកគេជា“ ជម្រកសុវត្ថិភាពបណ្តោះអាសន្ន” ក្នុងការបង្ហាញការគាំទ្រអតីតអាណានិគមអង់គ្លេសមួយនេះ ដែលប្រឈមមុខនឹងការបង្ក្រាបប្រជាធិបតេយ្យរបស់ចិន។

ក្រោមការដឹកនាំរបស់លោក បៃដិន សហរដ្ឋអាមេរិក នឹងពន្យាពេល ១៨ ខែ ចំពោះការបណ្តេញពលរដ្ឋហុងកុងណា ដែលមានវត្តមាននៅក្នុងប្រទេសក្រោមលក្ខខណ្ឌជាក់លាក់ដូចជាមិនត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមជាច្រើន។

លោក បៃដិន បានឲ្យដឹងនៅក្នុងអនុស្សរណៈនេះថា“ ការផ្តល់ជម្រកសុវត្ថិភាពដល់ប្រជាជនហុងកុង ដែលត្រូវបានដកហូតសិទ្ធិសេរីភាពនៅហុងកុង ធ្វើឱ្យផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់កើនឡើង” ។

នៅក្រោមគោលនយោបាយ“ ប្រទេសមួយប្រព័ន្ធពីរ” របស់ចិន ទីក្រុងហុងកុង ត្រូវបានសន្យាថា ខ្លួននឹងទទួលបានសិទ្ធិ និងសេរីភាពនៃតំបន់ពាក់កណ្តាលស្វយ័តរយៈពេល ៥០ ឆ្នាំ បន្ទាប់ពីអតីតអាណានិគមអង់គ្លេស វិលត្រឡប់មកគ្រប់គ្រងប្រទេសចិនវិញក្នុងឆ្នាំ១៩៩៧ ។

ប៉ុន្តែប្រទេសចិន បានចាត់វិធានការដើម្បីធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាព និងលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង តាមរយៈការអនុម័តច្បាប់សន្តិសុខជាតិកាលពីឆ្នាំមុន ក្នុងគោលបំណងបង្ក្រាបអ្វីដែលទីក្រុងប៉េកាំង ចាត់ទុកថា ជាសកម្មភាពកុបកម្មនៅក្នុងទឹកដីនេះ។

ចាប់តាំងពីការដាក់ឲ្យអនុវត្តច្បាប់នៅខែមិថុនា ឆ្នាំ ២០២០ ប៉ូលីសហុងកុង បានបន្តយុទ្ធនាការនៃការចាប់ខ្លួនដោយមានចេតនានយោបាយ ដោយចាប់យកអ្នកនយោបាយ សកម្មជន និងបាតុករយ៉ាងតិច ១០០ នាក់ ដែលជាប់ពាក់ព័ន្ធនឹងច្បាប់រួមមានការធ្វើអាជីវកម្មវិទ្ធង្សនា និងសកម្មភាពភេរវកម្ម៕

ដោយ ឈូក បូរ៉ា

To Top