ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងលើសពី ៣១លាននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សហព័ន្ធ របស់ប្រទេសឥណ្ឌា បានបង្ហាញ ទិន្នន័យចុងក្រោយបង្អស់ ឲ្យដឹងថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣១.៨៩៥.៨៩៥នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈដែលអ្នកឆ្លងថ្មី មានចំនួន៣៨.៦២៨នាក់ ត្រូវបានចុះបញ្ជី ក្នុងអំឡុងពេល២៤ម៉ោង កន្លងទៅនេះ នៅទូទាំងប្រទេស ។

ក្រៅពីនេះ មានអ្នកស្លាប់ចំនួន៦១៧នាក់ ត្រូវបានកត់ត្រាចាប់តាំងពី ព្រឹកថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៤២៧.៣៧១នាក់ ។

មានអ្នកជំងឺ បន្តសម្រាកព្យាបាល ចំនួន៤១២.១៥៣នាក់ នៅក្នុងប្រទេស ជាមួយគ្នានេះដែរ បានថយចុះ២.០០៦នាក់នៅក្នុងអំឡុងពេលនោះ ។

សរុបមានពលរដ្ឋ ចំនួន៣១.០៥៥.៨៦១នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីមានអ្នកជាសះស្បើយ បន្ថែមទៀត ចំនួន៤០.០១៧នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top