ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី៖ចាំបាច់ត្រូវធ្វើឲ្យមានតុល្យភាព រវាងសុខភាពនិងសេដ្ឋកិច្ច ក្នុងអំឡុងពេលជម្ងឺរាតត្បាត

បរទេស៖ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយនៅថ្ងៃចន្ទនេះថា ជម្ងឺកូវីដ១៩ បានបង្ហាត់បង្រៀនឥណ្ឌូនេស៊ី ពីវិធីធ្វើឲ្យមានតុល្យភាព រវាងសុខភាពនិងផលប្រយោជន៍សេដ្ឋកិច្ច ស្របពេលលោកបង្ហាញនូវការយល់ឃើញថា គោលនយោបាយរដ្ឋាភិបាល មិនស៊ីសង្វាក់គ្នា នៅពេលធ្វើការដោះស្រាយជម្ងឺរាតត្បាត។

ថ្លែងនៅមុនទិវាឯករាជ្យជាតិលើកទី៧៦ លោក Joko Widodo បានមានប្រសាសន៍ថា ក្នុងដំណើរធ្វើការសម្រេចចិត្ត រដ្ឋាភិបាលត្រូវតែបន្តយោងដល់ទិន្នន័យ ក៏ដូចជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏ថ្មីបំផុត ស្រប ពេលដែលឥណ្ឌូនេស៊ី បន្តធ្វើការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ដែលឆក់យកជីវិតមនុស្សតិចបំផុត១១៧.០០០នាក់ នៅក្នុងប្រទេស។

តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា គោលបំណងរបស់រដ្ឋាភិបាល គឺការស៊ីសង្វាក់គ្នា ប៉ុន្តែយុទ្ធសាស្ត្រនិងការគ្រប់គ្រងលើភាពជាក់ស្តែង ត្រូវតែមានថាមវន្តនិងបត់បែន ទៅតាមបញ្ហានិងឧបសគ្គនានា។

លោកបន្តដូច្នេះថា “ការរឹតបន្តឹងឬក៏បន្ធូរបន្ថយសកម្មភាពក្នុងសហគមន៍ ជាឧទាហរណ៍ ត្រូវតែធ្វើឡើងមួយដងរៀងរាល់សប្ដាហ៍ ទន្ទឹមនឹងការយោងដល់ទិន្នន័យដ៏ថ្មីចុងក្រោយបំផុត ហើយនេះប្រហែលជាញឹកញាប់ ត្រូវបានគេចាត់ថា ជាការផ្លាស់ប្តូរគោលនយោបាយ ឬក៏គោលនយោបាយដែលមិនស៊ីសង្វាក់”៕ប្រែសម្រួល៖ប៉ាង កុង


To Top