ព័ត៌មានអន្តរជាតិ

រុស្សី ប្តេជ្ញាសងសឹក ចំពោះទណ្ឌកម្មថ្មី ដោយសហរដ្ឋអាមេរិក

បរទេស៖ ក្រសួងការបរទេសរុស្សី កាលពីថ្ងៃសៅរ៍បានធ្វើការប្រកាសថា រដ្ឋាភិបាលក្រុងមូស្គុ បានប្តេជ្ញាចិត្តរួចរាល់ហើយ ក្នុងការតបតទៅវិញ ចំពោះទណ្ឌកម្មថ្មីដែលត្រូវបានដាក់ដោយ អាមេរិកទៅលើនាវាមួយគ្រឿង និងក្រុមហ៊ុនចំនួន២ របស់ខ្លួនដែលមានការពាក់ព័ន្ធ ទៅនឹងគម្រោងបង្ហូរហ្កាស Nord Stream 2 ។

បញ្ហានៃគម្រោងយក្ស របស់រុស្សីដែលមានតម្លៃប្រមាណ ជា១១ពាន់លានដុល្លារ ដែលជាគម្រោងបង្កើនបន្ថែមគុណ នឹង២ទៅលើបំពង់បង្ហូរស្រាប់ ដែលតភ្ជាប់កាត់សមុទ្រ ប៉ាល់តិកនិងអាចអនុញ្ញាតិឲ្យរុស្សី អាចបង្ហូរឆ្លងកាត់អ៊ុយក្រែន ទៅដល់អ៊ឺរ៉ុបទៀតផងនោះ បានក្លាយទៅជាចំណុចដ៏ក្តៅគគុកមួយទៀត រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ិនតោន។

គួរឲ្យដឹងដែរថាទីក្រុងវ៉ាស៊ិនតោន បានដាក់ទណ្ឌកម្មថ្មី ទៅលើប្រទេសរុស្សី កាលពីថ្ងៃសុក្រដោយសំដៅលើកនេះ ទៅលើនាវាមួយគ្រឿង និងម្ចាស់នាវាគឺជាក្រុមហ៊ុន សាងសង់មួយផងដែរ។

ក្រៅពីនោះសហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានប្រកាសដាក់ទណ្ឌកម្មមួយទៀតផងដែរ ទៅលើបុរសជនជាតិរុស្សីម្នាក់ ដែលពួកគេបានចោទថា គឺជាអ្នកស៊ើបការសំងាត់ ដែលបានឈានឲ្យមានទៅដល់ការដាក់ថ្នាំបំពុល ទៅលើមេបក្សប្រឆាំងរុស្សីលោក Alexei Navalny នាពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top