ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជានឹងរៀប​ ចំព្យុហយាត្រាយោធា ក្នុងថ្ងៃខួបលើកទី៧៣ នៃការបង្កើតប្រទេស

ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង ទំនងជានឹងរៀបចំព្យុហយាត្រា យោធា នៅថ្ងៃព្រហស្បតិ៍ ដើម្បីអបអរសាទរខួបលើកទី៧៣ នៃការបង្កើតប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ដោយដកស្រង់ប្រភពយោធា សារព័ត៌មានយ៉ុនហាប់ បានុះផ្សាយថា កងទ័ពប្រហែល ១០,០០០ នាក់ ត្រូវបានគេសង្កេតឃើញមុននេះ នៅទីក្រុងព្យុងយ៉ាង ដែលអាចបង្ហាញពីការត្រៀមខ្លួន សម្រាប់ការធ្វើព្យុហយាត្រាយោធា ដែលជាលើកទីមួយ ដែលត្រូវប្រារព្ធខួប នៃការបង្កើតរដ្ឋក្នុងរយៈពេលជិត ៣ ឆ្នាំ។

ប្រភពបានឲ្យដឹងទៀតថា នាពេលថ្មីៗនេះយន្ដហោះចម្បាំងជាច្រើនគ្រឿង ត្រូវបានគេ សង្កេតឃើញថា បានធ្វើប្រតិបត្ដិការហោះហើរ នៅលើរដ្ឋធានីនៅពេលយប់ ខណៈពេលដែលការត្រៀមរៀបចំ ហាក់ដូចជាកំពុងដំណើរការនៅឯមូលដ្ឋាន Mirim ដែលជាអាកាសយានដ្ឋានជាយក្រុង ដែលមានកន្លែង សម្រាប់ហាត់សមក្បួនព្យុហយាត្រា ។

មន្រ្តីកូរ៉េខាងត្បូង កំពុងផ្តោតលើថា តើអាវុធថ្មីណាមួយ ដូចជាមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹក នឹងត្រូវបង្ហាញជាសាធារណៈ នៅឯក្បួនព្យុហយាត្រាយោធា ប្រសិនបើវាកើតឡើងមែននោះ។

ប្រទេសកូរ៉េខាងជើង បានរៀបចំព្យុហយាត្រាយោធាចុងក្រោយបង្អស់ ដើម្បីរំលឹកដល់ឱកាសនេះនៅឆ្នាំ២០១៨ នៅពេលដែលខ្លួនបានប្រារព្ធខួបលើកទី ៧០ នៃការបង្កើតរដ្ឋទោះបីជាប្រទេសនេះ បានធ្វើព្យុហយាត្រាយោធាកាលពីឆ្នាំមុន ដើម្បីរំលឹកខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករ ដែលកំពុងកាន់អំណាចក៏ដោយ។

នៅឯក្បួនព្យុហយាត្រា ឆ្នាំ២០១៨ ដែលបានកើតឡើងប្រហែល ៣ខែបន្ទាប់ពីកិច្ចប្រជុំកំពូល អាមេរិក-កូរ៉េខាងជើង លើកដំបូង កូរ៉េខាងជើងមិនបានបង្ហាញ មីស៊ីលផ្លោងអន្តរទ្វីប ដែលអាចបាញ់ដល់ទឹកដី អាមេរិកឡើយ ដែលជាសញ្ញាបង្ហាញពីបំណងរបស់មេដឹកនាំលោក គីម ជុងអ៊ុន ក្នុងការបដិសេធមិន បង្កហេតុ នៅក្នុងតំណែងប្រធានាធិបតី អាមេរិកលោក ដូ ណាល់ត្រាំ សម្រាប់ជាប្រយោជន៍ នៃការឆ្ពោះទៅមុខជាមួយនឹង ការចរចានុយក្លេអ៊ែរ ។

លោក ត្រាំ បានជួបលោក គីម ជុងអ៊ុន ពីរដងទៀត ប៉ុន្តែកិច្ចចរចារបស់មេដឹកនាំទាំងពីរ បានធ្វើឱ្យមានភាពជឿនលឿន បន្តិច ដោយប្រទេសទាំងពីរ មានភាពមិនចុះសម្រុងនឹងបញ្ហា ដូចជាកម្រិតនៃការបន្ធូរបន្ថយទណ្ឌកម្ម ដែលទីក្រុងព្យុងយ៉ាង គួរតែទទួលបាន សម្រាប់ជំហានលុប បំបាត់អាវុធនុយក្លេអ៊ែរ ៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top