បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ USS Carl Vinson នៅក្នុងសប្ដាហ៍នេះ បានធ្វើដំណើរចូលទៅក្នុងដែនសមុទ្រចិនខាងត្បូង សម្រាប់ជាលើកដំបូង នៅក្នុងអំឡុងប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា ក្នុងខណៈនៅដែនសមុទ្រចិនខាងត្បូង ដែលចិននិងប្រទេសដទៃទៀតក្នុងតំបន់អះអាងកម្មសិទ្ធិនោះ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិកនេះ នឹងធ្វើប្រតិបត្តិការហោះហើរយន្តហោះ សមយុទ្ធវាយប្រហារនៅដែនសមុទ្រ ក៏ដូចជាការហ្វឹកហាត់យុទ្ធសាស្ត្រសម្របសម្រួល រវាងអង្គភាពលើផ្ទៃសមុទ្រនិងដែនអាកាស។
តាមសេចក្តីរាយការណ៍ ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះនេះ គឺត្រូវបានបញ្ជូនទៅកាន់តំបន់របស់កងនាវាលេខ៧អាមេរិក ប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយរួមមាននាវាផ្ទុកយន្តហោះ USS Carl Vinson នាវាផ្ទុកយន្តហោះ USS Lake Champlain នាវាពិឃាត USS Chafee និងនាវាចម្បំាង USS Tulsa។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រតិបត្តិការនោះ គឺជាផ្នែកនៃអ្វីដែលសហរដ្ឋអាមេរិកនិយាយថា ជាវត្តមានតាមប្រក្រតីរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕ប្រែសម្រួល៖ប៉ាង កុង