បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានធ្វើការថ្កោលទោសចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការរៀបចំកិច្ចប្រជុំមួយ ស្តីពីការតេស្តមីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង ដោយហៅវាថា ជាការបង្ហាញឲ្យឃើញស្តង់ដារដោះស្រាយទ្វេដង។
លោក Jo Chol-su ជាប្រធាននាយកដ្ឋានអង្គការអន្តរជាតិ នៅក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការថ្លែងបែបនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយកាសែត KCNA ដោយសង្កត់ធ្ងន់ថា ការតេស្តសាកល្បងមីស៊ីល គឺមានបំណងការពារខ្លួន។
សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយក្រុមប្រឹក្សាសន្តិសុខប្រារព្ធធ្វើកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាគ្នាអំពីការធ្វើតេស្តអាវុធចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាង រួមបញ្ចូលទាំងការបាញ់តេស្តសាកល្បងនូវអ្វីដែលកូរ៉េខាងជើង អះអាងជាមីស៊ីលបាញ់យន្តហោះដ៏ទំនើប និងមីស៊ីលមានល្បឿនលឿនជាងសម្លេង។
លោក Jo Chol-su បាននិយាយយ៉ាងដូច្នេះថា “ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកយកបញ្ហាពាក់ព័ន្ធការអនុវត្តអធិបតេយ្យភាពសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ មកពិភាក្សាគ្នា នេះមានន័យថា ជាការមិនអើពើដោយចំហ និងបំពានលើអធិបតេយ្យភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងការបង្កហេតុធ្ងន់ធ្ងរមិនអាចអត់ឱនបាន”>