បរទេស៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសចិនបានធ្វើការតវ៉ាជាខ្លាំង ចំពោះប្រទេសអូស្ត្រាលី ជុំវិញការនិយាយមិនសមរម្យ ធ្វើឡើងដោយអតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Tony Abbott ស្តីពីកោះតៃវ៉ាន់។
លោក Tony Abbott កាលពីសប្ដាហ៍មុន បានធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ដែលជាទឹកដីកោះចិន អះអាងកម្មសិទ្ធិ បានជួបជាមួយ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន និងបាននិយាយប្រាប់ វេទិកាសន្តិសុខមួយថា ប្រទេសចិន អាចនឹងប្រឈមមុខ ការធ្លាក់ចុះសេដ្ឋកិច្ច និងភាពទន់ខ្សោយ ផ្នែកហិរញ្ញវត្ថុ។
លោក Zhao Lijian ជាមន្ត្រីនាំពាក្យមួយរូប នៅក្រសួងការបរទេសចិន បាននិយាយប្រាប់សន្និសីទកាសែតមួយ យ៉ាងដូច្នេះថា “ពាក្យសម្តីនិងទង្វើពាក់ព័ន្ធ ធ្វើឡើងដោយអ្នកនយោបាយ អូស្ត្រាលី គឺប្រឆាំងនឹងគោលការណ៍ ប្រទេសចិនតែមួយ និងជាការបង្ហាញ សញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរ”។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យចិនរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះបន្តថា “ប្រទេសចិន មានការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះរឿងនេះ ហើយយើងបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះអូស្ត្រាលី”៕
ប្រែសម្រួល៖ប៉ាង កុង