ព័ត៌មានអន្តរជាតិ

ព្យុះភ្លៀងបង្កជា គ្រោះទឹកជំនន់ នៅភាគខាងជើង ប្រទេសចិន សម្លាប់មនុស្សអស់តិចបំផុត ១៥នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា មន្រ្តីក្នុងតំបន់បានឲ្យដឹង នៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងតិច ១៥នាក់ បានស្លាប់ដោយសារ ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា និងទឹកជំនន់នៅខេត្តសានស៊ី ស្ថិតនៅភាគខាងជើងប្រទេសចិន កាលពីដើមខែនេះ បន្ទាប់ពីតំបន់ស្ងួតធម្មតា ទទួលបានទឹកភ្លៀង៣ខែក្នុង ១សប្តាហ៍។

គ្រោះទឹកជំនន់បានវាយលុក មកតំបន់ជាប់គាំងដែលមានរ៉ែធ្យូងថ្ម ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ទូទាំងប្រទេស ហើយបន្ទាប់ពីគ្រោះទឹកជំនន់ បានសម្លាប់មនុស្សជាង ៣០០នាក់ នៅខេត្តហឺណាន ដែលស្ថិតនៅភាគកណ្តាល កាលពីខែកក្កដា ។

លោក Wang Qirui មន្រ្តីគ្រប់គ្រងគ្រាអាសន្នក្នុងតំបន់ បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា យ៉ាងហោចណាស់ អណ្តូងរ៉ែធ្យូងថ្មចំនួន៦០ នៅក្នុងខេត្តដែលជាតំបន់ផលិតធ្យូងថ្ម ឈានមុខគេរបស់ប្រទេសចិន បានបិទទ្វារជាបណ្តោះអាសន្ន ដោយសារទឹកជំនន់ ប៉ុន្តែបច្ចុប្បន្ននេះនៅសល់តែចំនួន ៤ប៉ុណ្ណោះដែលបានវិលត្រឡប់មក ដំណើរការធម្មតាវិញ ។

លោក Wang បានឲ្យដឹងថា អគារប្រហែល ១៩.០០០ខ្នង ត្រូវបានបំផ្លាញដោយអាកាសធាតុ អាក្រក់ដោយមាន ១៨.០០០ ខ្នងផ្សេងទៀតត្រូវបាន ខូចខាតយ៉ាងធ្ងន់ធ្ងរ ។

លោក Wang បានបន្ថែមថា “មនុស្ស១៥នាក់បានស្លាប់ ដោយសារគ្រោះមហន្តរាយនេះ ហើយមនុស្ស ៣នាក់នៅតែបន្តបាត់ខ្លួន” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top