ព័ត៌មានអន្តរជាតិ

រួមគ្នាអភិរក្សជីវចម្រុះ ដើម្បីថែរក្សាភពផែនដី និងកសាងពិភពលោកកាន់តែល្អបវរ

កិច្ចប្រជុំដំណាក់កាលទីមួយ នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវចម្រុះ» របស់អង្គការសហប្រជាជាតិ (ហៅកាត់COP15) បានប្រារព្ធធ្វើនៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិនពីថ្ងៃទី ១១ ដល់ ១៥ ខែតុលាឆ្នាំ ២០២១ នេះ ក្រោមប្រធានបទ «អរិយធម៌អេកូឡូស៊ី-រួមគ្នាកសាងសហគមន៍ រួមជីវិតនៃភពផែនដី» ដែលនឹងផ្តោតសំខាន់លើ ការកំណត់ក្របខ័ណ្ឌជីវចម្រុះជាសកលបន្ទាប់ពីឆ្នាំ ២០២០ កំណត់ទិសដៅជីវចម្រុះជាសកល ឆ្នាំ២០២១-២០៣០ និងទស្សនាទានជីវចម្រុះជាសកលឆ្នាំ ២០៥០ជាដើម ។

ហេតុអ្វីបានជាជ្រើសរើស ប្រទេសចិនឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់ រៀបចំមហាសន្និបាតលើកនេះ ? ឥឡូវយើងមកស្វែងយល់ ពីតួលេខមួយចំនួន ៖

ប្រទេសចិនជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ១២ ដែលមានជីវចម្រុះច្រើនបំផុតលើពិភពលោក ពោលគឺស្ថិតនៅលេខរៀងទី ៨ លើពិភពលោក ។ ប្រទេសចិនមានរុក្ខជាតិជាន់ខ្ពស់ចំនួន ៣៤២៩ ប្រភេទ ឈរនៅលំដាប់ទី ៣ លើពិភពលោក ។ ប្រទេសចិនមានធនធានសត្វដ៏សម្បូរបែប មានសត្វឆ្អឹងកងចំនួន ៦៥៨៨ ប្រភេទ ត្រូវជា ១៤ ភាគរយនៃចំនួនសរុបនៅលើពិភពលោក ។ ប្រទេសចិនមានសត្វបក្សីចំនួន ១៤៤៥ ប្រភេទ ត្រូវជា១ភាគ៦នៃចំនួនសរុបនៅលើពិភពលោក ។ ប្រភេទមច្ឆជាតិនៃ ប្រទេសចិនត្រូវជាប្រមាណ ១៧ ភាគរយនៃចំនួនសរុបនៅលើពិភពលោក ។

ក្រៅពីតួលេខត្រួសៗស្ពីពីជីវចម្រុះ បើតាមសៀវភៅសស្តីពី«ការអភិរក្សជីវចម្រុះនៃប្រទេសចិន»ដែលទើបចេញផ្សាយនាពេលថ្មីៗ កន្លងទៅនេះបានលើកឡើងថា ប្រទេសចិនបានលើកកម្ពស់ការអភិរក្សជីវចម្រុះ ឱ្យទៅជាយុទ្ធសាស្ត្រជាតិ ដោយដាក់បញ្ចូលការអភិរក្សជីវចម្រុះទៅក្នុងផែនការរយៈពេលមធ្យម និងវែងនៃតំបន់និងវិស័យនានា ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធគោលនយោបាយ និងបទប្បញ្ញត្តិ ពង្រឹងកិច្ចកសាងធនធានមនុស្ស និងបច្ចេកទេស ពង្រឹងការត្រួតពិនិត្យលើការអនុវត្តច្បាប់ ជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យចូលរួមរអភិរក្សជីវចម្រុះដោយស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់សមត្ថភាព អភិបាលកិច្ចជីវចម្រុះជាបន្តបន្ទាប់ ។

តាមរយៈការបង្ហាញខាងលើ យើងឃើញថាប្រទេសចិន បានឱ្យតម្លៃនិងលើកតម្កើងយ៉ាងខ្លាំងចំពោះការអភិរក្សជីវចម្រុះ ដោយសារតែបានយល់ដឹង យ៉ាងស៊ីជម្រៅពីសារៈសំខាន់បំផុត នៃតុល្យភាពអេកូឡូស៊ីនិងទំនាក់ទំនង មិនអាចបេះចេញពីគ្នា បានរវាងមនុស្សជាតិ និងធម្មជាតិ ពោលគឺមនុស្សជាតិការពារធម្មជាតិ អភិរក្សជីវចម្រុះ គឺជាការការពារអាយុជីវិត និងទីស្នាក់អាស្រ័យរបស់មនុស្សជាតិខ្លួនឯង ។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ ដ៏មានតម្លៃជាច្រើនសម្រាប់ កិច្ចការអភិវឌ្ឍន៍ជនបទតាមរយៈ ការការពារធនធានធម្មជាតិ និងអភិរក្សជី​វ​ចម្រុះ ជាពិសេសតំបន់ជនបទដែលមានទេសភាពស្រស់ប្រិមប្រិយ ក្នុងនោះមានពាក្យមួយឃ្លា ដែលលើកឡើងថា ៖ «ទឹកថ្លាភ្នំបៃតង គឺជាភ្នំមាសភ្នំប្រាក់» ដែលជាការសន្និដ្ឋានបែប វិទ្យាសាស្ត្រមួយដែលជាការបំផុសគំនិតឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ ត្រូវខិតខំអភិរក្សធម្មជាតិ ដើម្បីអាចទាញយកផលពីធម្មជាតិ ដោយសមរម្យដូចជាការ អភិវឌ្ឍវិស័យអេកូ-ទេសចរណ៍ជាដើម ដែលបាននាំឱ្យពលរដ្ឋក្រីក្រយ៉ាងច្រើន បានចេញផុតពីភាពក្រីក្រ ។

កាលពីអតីតកាល ប្រជាពលរដ្ឋក្រីក្រនៅជនបទចិន មិនបានគិតពិចារណា អំពីរឿងអភិរក្សធម្មជាតិអ្វីនោះទេ ព្រោះរឿងចម្អែតក្រពះ វាជារឿងសំខាន់បំផុត ដូច្នេះក៏កើតមានការបំផ្លិចបំផ្លាញធនធានធម្មជាតិដើម្បីជា ថ្នូរនឹងការចិញ្ចឹមជីវិត ។ ប៉ុន្តែការទាញផលពីធម្មជាតិ ដើម្បីផ្គត់ផ្គង់ជីវភាពមិនមែនចាំបាច់ត្រូវតែ ធ្វើតាមទម្លាប់ចាស់ដែលកាប់គាស់ បំផ្លាញធនធានធម្មជាតិនោះទេ ដូច្នេះរដ្ឋាភិបាលបានដាក់ ចេញគោលនយោបាយ ជាច្រើនដែលស៊ីចង្វាក់គ្នានិងឃ្លា «ទឹកថ្លាភ្នំបៃតង គឺជាភ្នំមាសភ្នំប្រាក់» ដើម្បីជំរុញនិងលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋនៅជនបទទាញយកផលពីធម្មជាតិ តាមបែបវិទ្យាសាស្ត្រដែល មានចំណូលកាន់តែច្រើន និងមិនបំផ្លាញដល់ធនធានធម្មជាតិ ។

បច្ចុប្បន្ន ប្រជាពលរដ្ឋចិនភាគច្រើន នៅជនបទបានប្តូរទស្សនៈ ពីការជីករ៉ែ និងថ្មយកទៅលក់ទៅជាការ «លក់ទេសភាព» ពោលគឺខិតខំអភិវឌ្ឍវិស័យអេកូ-ទេសចរណ៍ ហើយក្នុងនោះជីវចម្រុះបានដើរតួនាទីយ៉ាងសំខាន់ ដែលក្លាយជានាមបណ្ណនៃអេកូ-ទេសចរណ៍ ដែលមានលក្ខណៈពិសេសប្រចាំតំបន់ ។ អ្វីទាំងនេះគឺស្របតាមការ គូសបញ្ជាក់ជាច្រើនដង របស់ថ្នាក់ដឹកនាំចិនថា ៖ «ប្រទេសចិនក្នុងយុគសម័យនេះ នឹងមិនយកការបំផ្លិចបំផ្លាញ ធម្មជាតិមកធ្វើជាថ្នូរនឹងការអភិវឌ្ឍជាដាច់ខាត» ។

ងាកមកមើលពីប្រទេសកម្ពុជាវិញ តាមរយៈកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្មរបស់រដ្ឋាភិបាល បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើន លោកបានយល់ដឹងច្បាស់អំពី សារៈប្រយោជន៍នៃការអភិរក្សធម្មជាតិ ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការអភិរក្ស ធនធានធម្មជាតិ អភិវឌ្ឍវិស័យអេកូ-ទេសចរណ៍ និងការពារជីវចម្រុះ ។ ក្នុងន័យនេះ យើងឃើញថាអត្រាគ្របដណ្តប់ នៃព្រៃឈើត្រូវបានពង្រីកជាបន្តបន្ទាប់ ធនធានមច្ឆជាតិបានកើងឡើងវិញ ឯពូជសត្វព្រៃនិងសត្វកម្រក៏មានការកើនឡើងបន្តិចម្តងៗផងដែរ ។

ពេលអញ្ជើញចូលរួមសកម្មភាពពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏តែងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្រ្តីមានសមត្ថកិច្ច សូមចូលរួមអភិរក្សជីវចម្រុះផ្សេងៗឱ្យបានគង់វង្ស ដើម្បីធានានិរន្តរភាព នៃធនធានធម្មជាតិ ។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ គឺដូចគ្នានឹងទំនាក់ទំនងរវាងមនុស្សនិងមនុស្សដែរ ពោលគឺប្រសិនជាយើងស្រឡាញ់ និងឱ្យតម្លៃលើធម្មជាតិ នោះធម្មជាតិនឹងហុចផលប្រយោជន៍ ច្រើនសន្ធឹកដល់យើងវិញ តែផ្ទុយទៅវិញ ប្រសិនជាយើងបំផ្លិចបំផ្លាញធម្មជាតិ នោះធម្មជាតិក៏នឹងសងមកវិញ នូវគ្រោះមហន្តរាយគ្រប់បែបយ៉ាងផងដែរ ។ អាស្រ័យហេតុនេះ មានតែការរួមគ្នាថែរក្សា ធម្មជាតិតែប៉ុណ្ណោះ ទើបភពផែនដីរបស់យើង កាន់តែល្អបវរនិងឋិតថេរគង់វង្សជានិរន្តរ៍ ៕

ដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top