ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានករណីឆ្លង​ ជំងឺកូវីដ-១៩ ប្រចាំថ្ងៃ រហូតដល់ជិត ៣០០០ករណី

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សិង្ហបុរីបានរាយការណ៍ ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២,៩៣២ ករណី ដែលធ្វើឱ្យចំនួន សរុបនៅក្នុងប្រទេសកើនឡើងដល់ ១៣៨,៣២៧ ករណី ។

ករណីថ្មីនេះមាន ២,៤១២ ករណីជាការចម្លងនៅក្នុង សហគមន៍ ៥១៧ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ៣ ករណីទៀត ជាករណីនាំចូល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងថា បច្ចុប្បន្នមានករណីចំនួន ១,៥១១ករណី ត្រូវបានគេដាក់នៅមន្ទីរពេទ្យ ដោយមានជំងឺធ្ងន់ធ្ងរ ចំនួន ៣១០ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែន និង ៤៦ករណីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងអង្គភាពថែទាំបន្ទាន់។

ក្រៅពីនេះមានមនុស្សចំនួន ១៥នាក់ទៀត បានស្លាប់ដោយសារផលវិបាក ដោយសារការឆ្លងមេរោគកូវីដ-១៩ ។ ពួកគេរួមមានបុគ្គលអាយុ ២៣ ឆ្នាំដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយដូស និងបុគ្គលអាយុ ៣៤ ឆ្នាំដែលមិនបានចាក់វ៉ាក់សាំង។ មនុស្ស ១៣ នាក់ផ្សេងទៀត ដែលបានស្លាប់មានអាយុចន្លោះពី ៦០ ទៅ ៨៩ ឆ្នាំ។

គួរបញ្ជាក់ថា ៨៤ ភាគរយ នៃប្រជាជន ក្នុងតំបន់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៥ ភាគរយ បានទទួលយ៉ាង ហោចណាស់មួយដូស៕

ដោយ ឈូក បូរ៉ា

To Top
×