បរទេស៖ កូរ៉េទាំងពីរកំពុងបត់បែនសាច់ដុំយោធារៀងៗខ្លួន ដោយម្នាក់ៗបង្ហាញពីការវិវត្តចុងក្រោយរបស់ពួកគេ នៅក្នុងបច្ចេកវិទ្យាអាវុធ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីជំរុញកូរ៉េខាងជើងឱ្យវិលត្រឡប់មក រកកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរវិញក៏ដោយ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនចេអ៊ីន បានធ្វើទស្សនកិច្ចនៅឯពិព័រណ៍អាកាសចរណ៍និងការពារជាតិអន្តរជាតិសេអ៊ូល ឆ្នាំ ២០២១ នៅថ្ងៃពុធ ដែលបានចាប់ផ្តើមមួយថ្ងៃមុននេះ នៅឯមូលដ្ឋានទ័ពអាកាសសេអ៊ូល ខេត្ត Gyeonggi ហើយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃបច្ចេកវិទ្យា ការពារជាតិសម្រាប់សន្តិសុខជាតិ។
លោកមូន បាននិយាយអំឡុងព្រឹត្តិការណ៍ពិព័រណ៍នោះថា “ សមត្ថភាពការពារដ៏រឹងមាំតែងតែមានគោលដៅរបស់ខ្លួនក្នុងការរក្សាសន្តិភាព។ កូរ៉េខាងត្បូងនឹងបន្តធ្វើទំនើបកម្មយោធាឆ្លាតវៃ ដោយផ្អែកលើបច្ចេកវិទ្យាទំនើប និងចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីរក្សាសន្តិភាព” ។

នៅក្នុងសុន្ទរកថារបស់លោកលោកមូនបាន សង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ន៍នាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូងនូវយន្តហោះចម្បាំង KF-21 Boramae និងយានបាញ់បង្ហោះអវកាស Nuri ដែលត្រូវបានគេចាត់ទុកថា ជាលទ្ធផលចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការធ្វើឱ្យប្រសើរ ឡើងនូវបច្ចេកវិទ្យាការពារជាតិ៕
ប្រែសម្រួលៈ ណៃ តុលា
