ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ អាមេរិក មានក្តីព្រួយបារម្ភ ចំពោះសកម្មភាពចិន នៅច្រកសមុទ្រតៃវ៉ាន់

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយប្រាប់កិច្ចប្រជុំកំពូល របស់ថ្នាក់ដឹកនាំអាស៊ីបូព៌ាថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពកើនឡើង របស់ប្រទេសចិន នៅតាមច្រកសមុទ្រតៃវ៉ាន់ និងបានហៅសកម្មភាពទាំងនោះ ថាជាការគម្រាមកំហែងមួយ ចំពោះសន្តិភាពនិងស្ថិរភាព។

ថ្លែងប្រាប់ ដល់កិច្ចប្រជុំកំពូល ដែលក៏មានការចូលរួម ដោយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang និងថ្នាក់ដឹកនាំ ក្នុងតំបន់ផ្សេងទៀតនោះ លោកប្រធានាធិបតី សហរដ្ឋអាមេរិករូបនេះ តាមសេចក្តីរាយការណ៍ បានលើកឡើងជាថ្មីថា សហរដ្ឋអាមេរិក មានការប្តេជ្ញាយ៉ាងមុតមាំ ចំពោះកោះតៃវ៉ាន់។

លោក ចូ បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពកើនឡើងរបស់ប្រទេសចិន” និងបានធ្វើការចោទថា សកម្មភាពទាំងនោះ បង្កការគម្រាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

លោកបានមានប្រសាសន៍បន្តទៀតថា សហរដ្ឋអាមេរិកប្តេជ្ញា ចំពោះតៃវ៉ាន់ ជាការពិតការប្តេជ្ញានោះ មានភាពរឹងមាំ និងមិនផ្លាស់ប្តូរនៅទូទាំងរដ្ឋបាល វាបន្តជាការថែរក្សាសន្តិភាពនិងស្ថិរភាព នៅតាមច្រកសមុទ្រតៃវ៉ាន់ និងនៅក្នុងតំបន់”។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិក ដែលមានកាតព្វកិច្ច ដោយច្បាប់ឆ្នាំ១៩៧៩ ផ្តល់ឲ្យតៃវ៉ាន់នូវមធ្យោបាយការពារខ្លួននោះ នឹងចូលជួយការពារតៃវ៉ាន់ ប្រសិនបើវាត្រូវចិនវាយប្រហារ ហើយការថ្លែងទាំងនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ព្រោះតែវាហាក់ខុសគ្នា នឹងគោលនយោបាយ នៃភាពមិនច្បាស់លាស់របស់អាមេរិក ដែលមានជាយូរមកហើយ ពីរបៀបដែលទីក្រុងវ៉ាស៊ីនតោន នឹងឆ្លើយតបចំពោះ សេណារីយ៉ូ បែបនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×