ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតៃវ៉ាន់ បញ្ជាក់ពីកងទ័ព អាមេរិក ផ្តល់ការហ្វឹកហាត់ ទាហាន

បរទេស ៖នៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន CNN ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា កងកម្លាំងសហរដ្ឋអាមេរិកមួយចំនួនតូច កំពុងតែប្រចាំការនៅលើកោះតៃវ៉ាន់ ដើម្បីផ្តល់ការហ្វឹកហាត់ដល់ទាហានតៃវ៉ាន់ ហើយនេះគឺជាការបញ្ជាក់វត្តមានកងទ័ពអាមេរិក លើកាន់លទ្ធិប្រជាធិបតេយ្យដែលចិនចាត់ទុកថា ជាទឹកដីរបស់ខ្លួន។

ភាពតានតឹងរវាងកោះតៃវ៉ាន់ និងប្រទេសចិន ដែលមិនបដិសេធក្នុងការប្រើប្រាស់កងកម្លាំងដណ្ដើមយកទឹកដីកោះនេះនោះ នាពេលថ្មីៗនេះ បានកើនកម្តៅខ្លាំងឡើង ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលដែលទីក្រុងប៉េកាំង បង្កើនសម្ពាធយោធានិងនយោបាយ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នំា២០២១ បានឲ្យដឹងថា លោកស្រីប្រធានាធិបតីតៃវ៉ាន់បានប្រាប់ CNN ក្នុងបទសម្ភាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា “យើងមានសហប្រតិបត្តិការយ៉ាងទូលំទូលាយ ជាមួយសហរដ្ឋអាមេរិក ដែលមានគោលដៅបង្កើនសមត្ថភាពការពាររបស់យើង”។

នៅពេលត្រូវគេចោទសួរពីចំនួនសមាជិកកងទ័ពអាមេរិក ដែលឈរជើងប្រចាំការនៅកោះតៃវ៉ាន់នោះ លោកស្រីបានមានប្រសាសន៍ប្រាប់ត្រឹមតែថា វាមិនច្រើនដូចដែលគេគិតនោះទេ។

គួរបញ្ជាក់ថា ការបញ្ជាក់បែបនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលចិនកំពុងតែបង្កើនសម្ពាធយោធាកាន់តែខ្លាំង លើកោះតៃវ៉ាន់ ដោយរួមទាំងបេសកកម្មដែលយន្តហោះចម្បាំងចិនធ្វើឡើងដដែលៗ នៅក្នុងតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់៕

To Top
×