ព័ត៌មានអន្តរជាតិ

លោក Blinken៖ សហរដ្ឋអាមេរិក ថ្កោលទោស ការកាន់អំណាចយោធា របស់ស៊ូដង់ 

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសស៊ូដង់ លោក Mariam Sadiq al-Mahdi នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការថ្កោលទោស លើការកាន់អំណាចយោធារបស់ប្រទេសស៊ូដង់ និងការចាប់ខ្លួនថ្នាក់ដឹកនាំស៊ីវិលក្នុងប្រទេស។

នៅលើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រ លោកបានមានប្រសាសន៍ប្រាប់ថា លោកទាំងពីរ ក៏បានពិភាក្សាគ្នាអំពីវិធីដែលសហរដ្ឋអាមេរិក អាចធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះសំណើរបស់ប្រជាជនស៊ូដង់ ឲ្យវិលទៅរកអន្តរកាលដឹកនាំដោយស៊ីវិល តាមបែបលទ្ធិប្រជាធិបតេយ្យវិញ។

មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Nid Price តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោក Antony Blinken បានពិភាក្សាអំពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការផ្លាស់ប្តូរស៊ីវិល ដោយអនុលោមតាមសេចក្តីប្រកាសរបស់រដ្ឋធម្មនុញ្ញស៊ូដង់។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសស៊ូដង់ បានប្រមូលផ្តុំគ្នាតាមដងផ្លូវធ្វើការតវ៉ា ចាប់តាំងពីយោធាដណ្ដើមអំណាច ពីរដ្ឋាភិបាលអន្តរកាល កាលពីថ្ងៃចន្ទមក ហើយមនុស្សជាច្រើននាក់ បានបាត់បង់ជីវិតក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ៕ប្រែសម្រួល៖ប៉ាង កុង

To Top
×