វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាក្នុងការ ប្រើប្រាស់ប្រព័ន្ធកូតាអត្រាពន្ធ (TRQ) ដើម្បីជួយដោះស្រាយជម្លោះរយៈពេល ៣ឆ្នាំរបស់ពួកគេជុំវិញពន្ធ របស់សហរដ្ឋអាមេរិក លើដែកថែប និងអាលុយមីញ៉ូមដែល នាំចូលពីសហភាពអឺរ៉ុប។
សហរដ្ឋអាមេរិក នឹងជំនួសការយកពន្ធ ដែលមានស្រាប់លើផលិតផលដែកថែប និងអាលុយមីញ៉ូម របស់សហភាពអឺរ៉ុប ក្រោមអ្វីដែលគេហៅថា ផ្នែកទី២៣២ ជាមួយនឹង TRQ នេះបើយោងតាមសន្លឹកការពិត ដែលចេញផ្សាយដោយ ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃអាទិត្យ។
សន្លឹកការពិតបានឲ្យដឹងថា “នៅក្រោមការរៀបចំ TRQ បរិមាណផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលមានមូលដ្ឋានលើប្រវត្តិសាស្ត្រ របស់សហភាពអឺរ៉ុប នឹងចូលទៅក្នុងទីផ្សារ សហរដ្ឋអាមេរិក ដោយមិនចាំបាច់អនុវត្តពន្ធលើផ្នែក ២៣២ ដើម្បីបំពេញតម្រូវការ របស់អ្នកប្រើប្រាស់នៅខាងក្រោម” ។
ប្រភពបានឲ្យដឹងថា “បរិមាណផ្អែកលើប្រវត្តិសាស្ត្រ” សំដៅទៅលើបរិមាណដែក និងអាលុយមីញ៉ូមរបស់សហភាពអឺរ៉ុប ដែលត្រូវបាននាំចេញទៅ កាន់សហរដ្ឋអាមេរិក មុនពេលការដាក់ពន្ធផ្នែកទី ២៣2 នៅក្នុងឆ្នាំ២០១៨ នេះបើយោងតាមសហភាពអឺរ៉ុប។
ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ រដ្ឋបាលសហរដ្ឋអាមេរិក របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់ឯកតោភាគីនូវពន្ធ ២៥ ភាគរយលើការនាំចូលដែក និងពន្ធ ១០ភាគរយ លើការនាំចូលអាលុយមីញ៉ូមក្នុងឆ្នាំ២០១៨ ក្រោមផ្នែកទី ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្ម ឆ្នាំ១៩៦២ ដែលទាក់ទាញការប្រឆាំង យ៉ាងខ្លាំងនៅក្នុងស្រុក និង នៅបរទេស។
ដោយបរាជ័យក្នុងការឈាន ដល់កិច្ចព្រមព្រៀងជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ សហភាពអឺរ៉ុប បានយកករណីនេះ ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO និងដាក់ពន្ធសងសឹកលើ ផលិតផលអាមេរិកជាច្រើន។
សហភាពអឺរ៉ុប បានឲ្យដឹងថា ជាផ្នែកនៃដំណោះស្រាយចំពោះ វិវាទរបស់ពួកគេជុំវិញពន្ធដែកថែប និងអាលុយមីញ៉ូម របស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុបមានបំណងផ្អាក វិធានការសងសឹករបស់ខ្លួន ប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលត្រូវបានណែនាំក្នុងខែមិថុនា ឆ្នាំ២០១៨ ។ វាក៏នឹងផ្អាកការកើនឡើងនូវ វិធានការសងសឹកប្រឆាំង នឹងសហរដ្ឋអាមេរិក ដែលកំណត់សម្រាប់ខែធ្នូ ៕
ដោយ ឈូក បូរ៉ា