ម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បាននិយាយ កាលពីថ្ងៃពុធថា មន្ត្រីរដ្ឋាភិបាល ក្នុងតំបន់នឹងត្រូវដាក់ទណ្ឌកម្ម ចំពោះការបរាជ័យ នៅពីក្រោយគោលដៅ របស់ពួកគេ សម្រាប់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-19 ខណៈដែលប្រទេសនេះ ស្វែងរកការ បើកចំហសេដ្ឋកិច្ច ។
យោងតាមសារវែបសាយ Yahoo ចេញផ្សាយ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសហ្វីលីពីន ដែលជាប្រទេសមួយ នៃការរីករាលដាល នៃមេរោគឆ្លង ដ៏អាក្រក់បំផុត នៅអាស៊ី រហូតមកដល់ពេលនេះ បានចាក់ថ្នាំបង្ការ យ៉ាងពេញលេញ នៅបានតិចតួច នៅឡើង ជាងមួយភាគបី នៃប្រជាជនចំនួន 77 លាននាក់ ដែលមានសិទ្ធិទទួល ការចាក់ថ្នាំបង្ការរោគ ។
លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បាននិយាយថា គ្មានហេតុផល ដែលហេតុអ្វីបានជាការចាក់វ៉ាក់សាំង ប្រចាំថ្ងៃមិនអាចកើនឡើង ដល់យ៉ាងហោចណាស់មួយលាន ពីជាមធ្យម 500,000 ចាប់តាំងពីប្រទេសនេះមាន ស្តុកវ៉ាក់សាំងគ្រប់គ្រាន់ ។
លោក ឌូទ័រតេ បាននិយាយនៅក្នុងសុន្ទរកថា ដែលបានថតទុកកាលពីថ្ងៃពុធថា “យើងបានឃើញបន្ទាត់កំហុស នៅក្នុងរូបភាពរួម នៃកម្មវិធីចាក់វ៉ាក់សាំងរបស់យើង។ ខ្ញុំមិនពេញចិត្តទេ” ។
លោក ឌូទ័រតេ បាននិយាយថា មន្ត្រីក្នុងតំបន់ “ដែលមិនអនុវត្ត ឬប្រើប្រាស់កម្រិតថ្នាំដែលបានផ្តល់ឱ្យពួកគេក្នុងលក្ខណៈលឿនបំផុត” នឹងត្រូវដាក់ទណ្ឌកម្ម និងទទួលខុសត្រូវ ៕
ប្រែសម្រួលៈ ណៃ តុលា