ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ប៉ាគីស្ថាន ទាមទារឲ្យដោះលែងអ្នកទោស ជាលក្ខខណ្ឌសម្រាប់កិច្ចពិភាក្សាគ្នា

បរទេស៖ពួកតាលីបង់ ក្នុងប្រទេសប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ បានទាមទារថា រដ្ឋាភិបាលនៃប្រទេសប៉ាគីស គួរតែដោះលែងអ្នកទោស ជាច្រើននាក់ សម្រាប់ជាលក្ខខណ្ឌ សម្រាប់កិច្ចពិភាក្សាគ្នា ដែលមានគោលដៅ ប្រើជាមូលដ្ឋាន សម្រាប់កិច្ចចរចាបទឈប់បាញ់គ្នា ទាំងស្រុង។

ពួកតាលីបង់ប៉ាគីស្ថាន ដែលស្គាល់ថា Tehrik-i Taliban Pakistan និងបំបែកខ្លួនចេញពីពួកតាលីបង់អាហ្វហ្គានីស្ថាននោះ ធ្លាប់មានកិច្ចពិភាក្សាគ្នាដ៏សំខាន់ចំនួនពីរជុំ ដែលត្រូវបានសម្របសម្រួលដោយពួកតាលីបង់អាហ្វហ្គានីស្ថាន នេះបើយោងតាមសម្តីមេបញ្ជាការមួយរូប មានមូលដ្ឋាននៅក្នុងខេត្ត ប្រទេសអាហ្វហ្គានីស្ថាន Kunar បាននិយាយឲ្យដឹង។

មេបញ្ជាការពួកតាលីបង់ ប៉ាគីស្ថាន៣រូប បាននិយាយយ៉ាងដូច្នេះថា ការដោះលែងអ្នកទោស គឺមានន័យថាគឺជាវិធានការកសាងទំនុកចិត្ត និងបានបន្ថែមថា លទ្ធផលនៃកិច្ចពិភាក្សាគ្នា នៅតែមានភាពមិនច្បាស់លាស់។
ក្នុងចំណោមមេបញ្ជាការទាំងនោះ មេបញ្ជាការមួយរូបបាននិយាយប្រាប់ពីខេត្ត Kunar ប្រទេសអាហ្វហ្គានីស្ថានដូច្នេះថា “យើងមិនសង្ឃឹមជ្រុលថានឹងមានលទ្ធផលពីកិច្ចពិភាក្សាគ្នាភ្លាមៗ ប៉ុន្តែមេដឹកនាំរបស់យើងបានទាមទារឲ្យដោះលែងអ្នកទោស ប្រសិនបើពួកគេមានភាពស្មោះត្រង់ នៅក្នុងកិច្ចពិភាក្សាគ្នាដ៏មានអត្ថន័យ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top