ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅសិង្ហបុរីបន្ដធ្លាក់ចុះមកត្រឹមជាង ២៥០០ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៥៥៣នាក់ ខណៈដែល មនុស្ស ១៧នាក់ទៀត បានស្លាប់ ដោយសារផលវិបាក ដោយសារវីរុសនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរី។

អ្នកស្លាប់មានអាយុចន្លោះពី ៤៨ ទៅ ៨៩ ឆ្នាំ ។ ពួកគេទាំងអស់មាន លក្ខខណ្ឌជំងឺផ្សេងៗ លើកលែងតែអ្នកចាក់ វ៉ាក់សាំងអាយុ ៨៥ឆ្នាំ ដែលមិនមានស្ថានភាព សុខភាពច្បាស់លាស់ ។ ក្រសួង សុខាភិបាល សិង្ហបុរី មិន បាន បញ្ជាក់ ថា តើ លក្ខខណ្ឌ ទាំង នេះ មាន លក្ខណៈ បែប ណា នោះទេ។

ចំនួនករណីថ្មី ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃអាទិត្យ គឺធ្លាក់ចុះពីការឆ្លងចំនួន ៣០៣៥ករណី ដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍។

អត្រាកំណើន នៃការឆ្លងប្រចាំសប្តាហ៍គឺ ០,៨១ភាគរយ គិតត្រឹមថ្ងៃអាទិត្យ ដែលជាការថយចុះពី ០,៨៣ភាគរយ ដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍។ នេះសំដៅទៅលើសមាមាត្រ នៃករណីសហគមន៍ សម្រាប់សប្តាហ៍មុន។

ក្នុងចំណោមករណីថ្មី ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យ ការឆ្លងចំនួន ២៥៤៨ករណី ត្រូវបានចម្លងតាមមូលដ្ឋាន ដែលរួមមាន ២៣៤៣ករណី នៅក្នុងសហគមន៍ និង ២០២ករណីនៅក្នុងអន្តេវាសិកដ្ឋាន របស់ពលករចំណាកស្រុក ៕
ដោយ ឈូក បូរ៉ា

To Top