ព័ត៌មានអន្តរជាតិ

អាជ្ញាធរអេត្យូ ពីឃាត់ខ្លួន អ្នកបើកបររថយន្តយូអិន ជាង៧០នាក់ ស្របពេលមានរបាយការណ៍ចាប់ខ្លួនច្រើននាក់

បរទេស៖ មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិមួយរូប បាននិយាយថា អាជ្ញាធរប្រទេស អេត្យូពី នាពេលថ្មីៗនេះ បានឃាត់ខ្លួនអ្នកបើកបររថយន្តដែលធ្វើការងារជាមួយអង្គការសហប្រជាជាតិជាង៧០នាក់ ស្របពេលមានក្តីព្រួយបារម្ភជាអន្តរជាតិ ជុំវិញការបន្តចាប់ខ្លួនជនជាតិភាគតិចតំបន់ Tigray ក្នុងខណៈសង្គ្រាមក្នុងភាគខាងជើងប្រទេសនេះ កើនកម្តៅកាន់តែខ្លាំង។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SWI នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនំាពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា អ្នកបើកបរទាំងនោះ គឺជាអ្នកចុះកុងត្រានៃកម្មវិធីស្បៀងអាហារ ពិភលោករបស់អង្គការសហប្រជាជាតិ និងត្រូវបានចាប់ខ្លួនក្នុងទីក្រុង Semera ស្ថិតនៅតំបន់ Afar។


នៅក្នុងពេលបច្ចុប្បន្ននេះ មន្ត្រីនាំពាក្យរដ្ឋាភិបាលនៃប្រទេសអូត្យូពី លោក Legesse Tulu និងមន្ត្រីនាំពាក្យក្រសួងការបរទេស លោក Dina Mufti បានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ ស្តីពីការឃាត់ខ្លួនអ្នកបើកបររថយន្តរបស់អង្គការសហប្រជាជាតិនោះទេ។


គួរបញ្ជាក់ថា តំបន់ Afar គឺមានព្រំប្រទល់ជាប់នឹងតំបន់ Tigray ជាទីមានជម្លោះផ្ទុះឡើង កាលពីមួយឆ្នាំមុន រវាងកងទ័ពរដ្ឋាភិបាលអេត្យូពី និងកងកម្លាំងដែលមានភក្តីភាពចំពោះរណសិរ្សរំដោះប្រជាជនតំបន់ Tigray ដែលជាអតីតគណបក្សកាន់អំណាច នៅក្នុងតំបន់នោះ៕


ប្រែសម្រួល៖ប៉ាង កុង

To Top