ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិចារណា ធ្វើពហិការការទូត ចំពោះការ ប្រកួតកីឡាអូឡាំពិក ក្រុងប៉េកាំង

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងពិចារណាលើការធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំង ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខ ដោយលោកបានស្នើថា ទាំងរូបលោក និងតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងទៀតនឹងមិនចូលរួមការប្រកួតនោះទេ។

ការធ្វើពហិការផ្នែកការទូត ក្រោមការដែលអត្តពលិកអាមេរិក ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែង ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានចោទប្រកាន់របស់ប្រទេសចិន ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ នៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចឆ្ងាយរបស់ខ្លួន ដែលជាសកម្មភាពរបស់រដ្ឋវ៉ាស៊ីនតោនបានដាក់ស្លាកថា “ជាការប្រល័យពូជសាសន៍”។

នៅពេលសួរអំពីការធ្វើពហិការដោយអ្នកសារព័ត៌មាន លោក ចូ បៃដិន បានលើកឡើងថា វាគឺជា “អ្វីដែលយើងកំពុងពិចារណា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានបដិសេធមិនបញ្ជាក់ពីអ្វីដែល “ការធ្វើពហិការការទូត” មានន័យចំពោះរដ្ឋបាល ដោយបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃភ្លាមៗបន្ទាប់ពីលោក បៃដិន បានលើកឡើងថា “ខ្ញុំគ្រាន់តែមិនមានព័ត៌មានថ្មីៗអំពី តើវត្តមានរបស់យើងនឹងទៅជាយ៉ាងណា”។

ការកត់សម្គាល់របស់លោក បៃដិន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបប្រជុំនិម្មិតជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងគោលបំណងគ្រប់គ្រងការប្រជែងគ្នាកាន់តែខ្លាំងរវាងប្រទេសទាំងពីរលើបញ្ហាជាច្រើនចាប់ពីពាណិជ្ជកម្ម រហូតដល់សិទ្ធិមនុស្ស និងតៃវ៉ាន់។

មន្ត្រីសហរដ្ឋអាមេរិកបានឲ្យដឹងថា មេដឹកនាំទាំងពីរមិនបានពិភាក្សាអំពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងនោះទេ ទោះបីជាមានការរំពឹងទុកថាក្នុងអំឡុងពេលកិច្ចពិភាក្សានោះ លោក ស៊ី នឹងអញ្ជើញលោក បៃសិន ឱ្យចូលរួមក្នុងពិធីមួយនៅក្នុងព្រឹត្តិការណ៍កីឡាពិភពលោកក៏ដោយ។

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារថា អនុសាសន៍ជាផ្លូវការនៃការធ្វើពហិការការទូតត្រូវបានធ្វើឡើង ចំពោះប្រធានាធិបតី ហើយលោកត្រូវបានគេរំពឹងថា នឹងអនុម័តវាមុនដំណាច់ខែនេះ៕

ដោយ ឈូក បូរ៉ា

To Top