ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គំរាមវាយអាមេរិក ឱ្យបាក់ធ្មេញ

បរទេស ៖ មេដឹកនាំរបស់កងកម្លាំង Quds របស់ប្រទេសអ៊ីរ៉ង់ ដែលមានឯកទេស ក្នុងប្រតិបត្តិការ នៅបរទេស បានទាមទារឱ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីតំបន់ ហើយបានប្តេជ្ញាធ្វើឱ្យយោធា ដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក (យោធាអាមេរិក) អាម៉ាស់ ប្រសិនបើប្រទេសនេះ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងនៅថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយត្រី Esmail Qaani របស់កងឆ្មាំបដិវត្តន៍ឥស្លាមវរជន និងជាមេបញ្ជាការកងកម្លាំង Quds បានប្តេជ្ញាថា នឹងបន្តការពារប្រទេស របស់លោក ខណៈដែលលោកបានសរសើរ “អ្នកធ្វើទុក្ករកម្ម” នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ។

ការអត្ថាធិប្បាយ របស់លោកដែលសំដៅ ទៅកាន់ ទីក្រុងវ៉ាស៊ីនតោននោះ លោក Qaani បាននិយាយថា សហរដ្ឋអាមេរិក គួរតែត្រៀមខ្លួនសម្រាប់ ភាពអាម៉ាស់ ដែលអាក្រក់ជាងបទពិសោធន៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលលោកបានអំពាវនាវ ឱ្យអាមេរិកដកខ្លួន ចេញពីតំបន់ម្តង និងសម្រាប់ទាំងអស់គ្នា ។

លោក Qaani បានអះអាងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ សហរដ្ឋអាមេរិកបានធ្វើទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់ ប៉ុន្តែជំនោរនោះបានប្រែក្លាយ ហើយឥឡូវនេះ គឺប្រជាជនអាមេរិកដែលនឹងរងទុក្ខ ។ ដោយកត់សម្គាល់ពីវឌ្ឍនភាព របស់អ៊ីរ៉ង់ទាំង ផ្នែករឹងយោធា និងការអភិវឌ្ឍន៍បច្ចេកទេសផ្សេងទៀត មេបញ្ជាការរូបនេះបាននិយាយថា សហរដ្ឋអាមេរិក ដឹងថា “ប្រសិនបើខ្លួនធ្វើចលនាតិចតួចបំផុត ប្រឆាំងនឹងអ៊ីរ៉ង់ នោះធ្មេញរបស់អាមេរិក នឹងត្រូវកំទេចនៅក្នុង មាត់តែម្តង ៕
ប្រែសម្រួលៈ ណៃ តុលា

To Top