ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថាល្បឿននៃការឈន ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ អាស្រ័យលើឆន្ទៈភាគីម្ខាងទៀត

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចានុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន លោក Ali Bagheri Kani បានលើកឡើងថា ល្បឿននៃការឈានដល់កិច្ចព្រមព្រៀង មួយអាស្រ័យលើឆន្ទៈរបស់ “ភាគីម្ខាងទៀត” ។

លោក Bagheri Kani បានប្រាប់អ្នកយកព័ត៌មានអ៊ីរ៉ង់ថា “ប្រសិនបើភាគីម្ខាងទៀតទទួល យកទស្សនៈសមហេតុផល និងជំហររបស់សាធារណរដ្ឋឥស្លាម ការចរចាបន្ទាប់អាចជា ជុំចុងក្រោយនៃការចរចា ហើយយើងអាចឈានដល់ កិច្ចព្រមព្រៀងមួយក្នុងរយៈពេលដ៏ខ្លីបំផុត” លើគណៈកម្មការចម្រុះនៃផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) ។

ក្នុងការឆ្លើយតបទៅនឹង សំណួរអំពីការកាត់បន្ថយភាព ខ្វែងគំនិតគ្នារវាងភាគីទាំងពីរ ក្នុងកិច្ចចរចានាពេលនេះ លោកបានលើកឡើងថា ភាគីចរចាផ្សេងទៀតបានយល់ព្រមថា ទស្សនៈរបស់សាធារណរដ្ឋឥស្លាម នឹងត្រូវបានបញ្ចូលទៅក្នុងឯកសារ នៃសេចក្តីព្រាងនុយក្លេអ៊ែរ ហើយនឹងជាមូលដ្ឋាននៃ ជុំបន្ទាប់នៃកិច្ចពិភាក្សា។

នៅព្រឹកថ្ងៃដដែល អ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ បានប្រកាសថា កិច្ចចរចានៅទីក្រុងវីយែន នឹងមានការសម្រាក ២ ទៅ ៣ថ្ងៃ មុនពេលវាចាប់ផ្តើមកិច្ចចរចាបន្ទាប់ទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសអ៊ីរ៉ង់ និងភាគីដែលនៅសេសសល់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា JCPOA បានបន្តកិច្ចចរចា នៅទីក្រុងវីយែននៅថ្ងៃទី២៩ ខែវិច្ឆិកា បន្ទាប់ពីផ្អាកជិត ៦ខែ។

កិច្ចពិភាក្សានេះគឺសំដៅ លើការដកទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ និងការស្ដារឡើងវិញនូវកិច្ចព្រមព្រៀង ដែលប្រឈមនឹងហានិភ័យនៃការដួលរលំ បន្ទាប់ពីអតីតរដ្ឋបាល របស់សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង ក្នុងឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មចាស់ និងថ្មីប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ ៕

ដោយ ឈូក បូរ៉ា

To Top