រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវឱ្យអ៊ីស្រាអែលអនុវត្តកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយប៉ាឡេស្ទីន និងបន្តដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដែលត្រូវបានជាប់គាំងអស់រយៈពេល ៧ឆ្នាំកន្លងមក។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា លោក Abbas បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយឧបការីស្តីទីនៃការិយាល័យកិច្ចការភាគខាងកើតនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Yael Lempert នៅទីក្រុងរ៉ាម៉ាឡា។
កាសែត WAFA បានចុះផ្សាយថា លោក Abbas បានប្រាប់លោក Lempert អំពីការអភិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលភាគច្រើនជាការអនុវត្តឯកតោភាគីរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន ដែលបំផ្លាញដំណោះស្រាយរដ្ឋពីរ ដែលគាំទ្រដោយពិភពលោក។
លោក Abbas បានប្រាប់លោក Lempert ទៀតថា ចាំបាច់ត្រូវបញ្ឈប់វិធានការរបស់អ៊ីស្រាអែល និងអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ ដើម្បីចាប់ផ្តើមដំណើរការនយោបាយពិតប្រាកដដោយផ្អែកលើការអនុវត្តដំណោះស្រាយអន្តរជាតិ។
ជំនួបរបស់លោក Abbas ជាមួយលោក Lempert បានកើតឡើងមួយថ្ងៃមុនពេលលោកជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលបានមកដល់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងការរស់ឡើងវិញនៃដំណើរការសន្តិភាព ដែលជាប់គាំង។
កិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្អាកនៅចុងខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីមានភាពខុសគ្នាយ៉ាងខ្លាំងលើបញ្ហាដូចជាការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅលើព្រំដែនឆ្នាំ១៩៦៧៕ ដោយ ឈូក បូរ៉ា