ព័ត៌មានអន្តរជាតិ

បារាំង៖ រថយន្តរាប់រយគ្រឿង ត្រូវបានគេដុតបំផ្លាញ នៅព្រឹកព្រលឹមថ្ងៃដំបូង នៃឆ្នាំថ្មី ២០២២

បរទេស៖ ក្រសួងមហាផ្ទៃ របស់ប្រទេសបារាំងបាននិយាយថា រថយន្តសរុបចំនួន ៨៤៧ ត្រូវបានដុតបំផ្លាញនៅក្នុងប្រទេសបារាំងនៅព្រឹកព្រលឹមនៃថ្ងៃដំបូងនៃឆ្នាំថ្មីនេះ ជាមួយនឹងមនុស្សរាប់រយនាក់ ត្រូវបានឃាត់ខ្លួន ជុំវិញការបំផ្លិចបំផ្លាញនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការដុតរថយន្តដ៏ច្រើនបានក្លាយទៅជា “ទំនៀមទម្លាប់” ដ៏អាក្រក់ និងគួរឲ្យសោកស្ដាយ ក្នុងប្រទេសបារាំង ដែលរថយន្តរាប់រយគ្រឿង ត្រូវបានដុតបំផ្លាញស្ទើរតែរៀងរាល់ថ្ងៃ ចូលឆ្នាំសកល។

ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ រថយន្តមានចំនួនតិចជាងមុន បានរងការខូចខាត, នេះបើយោងតាមរដ្ឋមន្ត្រីមហាផ្ទៃ Gerald Darmanin ដែលបានសន្មតថា ការថយចុះគឺដោយារតែវត្តមាន របស់ប៉ូលីសច្រើន និង ការចាត់វិធានការលឿន ដោយសេវាសាធារណៈពាក់ព័ន្ធ។

នៅលើ Twitter លោក Darmanin បានថ្លែងអំណរគុណដល់ប៉ូលីស និងបុគ្គលិកសន្តិសុខស៊ីវិល សម្រាប់ “ការថយចុះនៃអំពើហិង្សា” ។ ក៏ប៉ុន្តែ ទោះបីជាមានការខិតខំប្រឹងប្រែងពីមន្ត្រីសន្តិសុខក៏ដោយ ក៏រថយន្តរាប់រយគ្រឿងនៅតែត្រូវបានដុតបំផ្លាញ ប៉ុន្តែលោក Darmanin បានកត់សម្គាល់ថា ចំនួននេះគឺតូចជាងកាលពីឆ្នាំ ២០១៩ ដែលនៅពេលនោះ គឺមានថយន្តជាង ១ ៣០០ គ្រឿងត្រូវបានដុតបំផ្លាញ។

មន្ត្រីប៉ូលិស និងអាវុធហត្ថប្រមាណ ៩៥ ០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវនៃទីក្រុងនានារបស់បារាំងកាលពីយប់ថ្ងៃសៅរ៍ ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ ក៏ដូចជាអនុវត្តការរឹតត្បិតច្បាប់ Covid-19 របស់រដ្ឋាភិបាលដែលដាក់កំហិតលើអ្នកចូលរួមក្នុងការប្រមូលផ្តុំ។ អ្នកពន្លត់អគ្គីភ័យ និងមន្ត្រីសន្តិសុខស៊ីវិលប្រហែល ៣២ ០០០ នាក់ក៏បានជួយក្នុងការដោះស្រាយឧប្បត្តិហេតុនៅពេលយប់ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

នៅទីក្រុង Strasbourg របស់ប្រទេសបារាំងតែមួយ គឺមាន រថយន្តចំនួន ៨៧ត្រូវបានដុតបំផ្លាញ មនុស្សប្រហែល ៣០ នាក់ត្រូវបានចាប់ខ្លួន និងមន្ត្រីប៉ូលីស ៤ នាក់បានរងរបួស, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង។ ទីក្រុងបានឃើញក្រុមកុប្បកម្មកើនឡើង ជាពិសេសការតស៊ូយ៉ាងខ្លាំងនិងការប៉ះទង្គិចជាមួយអ្នកអនុវត្តច្បាប់ រួមទាំងការគប់ផាវដាក់មន្រ្តីប៉ូលីស។

ចំនួនសរុបនៃការឃុំខ្លួន និងការចាប់ខ្លួនក៏ខ្ពស់ជាងឆ្នាំ ២០១៩ បន្តិច ដោយមានមនុស្សចំនួន ៤៤១ នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសបារាំង។

សូមជម្រាបថា ការអនុវត្តដោយការដុតរថយន្ត គឺបានក្លាយជាការពេញនិយមក្នុងចំណោមយុវជននៅក្នុងសង្កាត់ក្រីក្របារាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយវាបានរីករាលដាលជាពិសេសនៅថ្ងៃចូលឆ្នាំសកល។ វាក៏ឈានដល់ទំហំដែលមិនធ្លាប់មានពីមុនមក ក្នុងអំឡុងពេលបីសប្តាហ៍នៃកុបកម្ម ដែលបានលេបត្របាក់ជាយក្រុងនៃរដ្ឋធានីប៉ារីស និងទីក្រុងផ្សេងទៀតរបស់បារាំងកាលពីឆ្នាំ ២០០៥។ នៅពេលនោះ រថយន្តចំនួន ៨ ៨១០ គ្រឿង ត្រូវបានដុតបំផ្លាញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×