បរទេស៖ ក្រោយរយៈពេល មានភាពចលាចលដ៏ខ្លាំងក្លា អស់មួយសប្ដាហ៍ នៅក្នុងប្រទេសកាហ្សាក់ស្ថាន កងកម្លាំងដឹកនាំដោយរុស្ស៊ី ដែលបានបញ្ជូនទៅទប់ស្កាត់ ការបះបោរនោះ កំពុងតែត្រៀមរៀបចំ ចាកចេញវិញ ស្របពេលដែល លោកប្រធានាធិបតី Kassym-Jomart Tokayev សម្លឹងតែងតាំង នាយករដ្ឋមន្ត្រីថ្មី។
លោក Kassym-Jomart Tokayev បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា កងទ័ពដែលលោកបានស្នើ ពីអង្គការសន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO ដែលជាសម្ពន្ធមិត្តយោធា របស់អតីតរដ្ឋសហភាពសូវៀត នោះ នឹងចាប់ផ្តើមចាកចេញពី កាហ្សាក់ស្ថាន នៅក្នុងរយៈពេល២ថ្ងៃ ហើយការដកចេញទាំងអស់ គឺមិនលើសពីរយៈពេល១០ថ្ងៃ។
គួរបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថាន និងប្រទេសរុស្ស៊ី បានហៅវិបត្តិ កាលពីសប្ដាហ៍មុន ថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ មានការជួយដោយភេរវករ បរទេស ប៉ុន្តែបានផ្តល់ភស្តុតាងតិចតួចប៉ុណ្ណោះ ដើម្បីគាំទ្រដល់ការ អះអាងរបស់ខ្លួននោះ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងមហាផ្ទៃនៃប្រទេសកាហ្សាក់ស្ថាន បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងសន្តិសុខកាហ្សាក់ស្ថាន បានឃុំខ្លួនមនុស្សជិត ចំនួន១០.០០០នាក់ ជុំវិញភាពចលាចលក្នុងប្រទេសនោះ៕
ប្រែសម្រួល៖ប៉ាង កុង