ព័ត៌មានអន្តរជាតិ

ប្រទេស កាណាដា នឹងពង្រីកបេសកកម្មយោធា របស់ខ្លួន នៅក្នុងប្រទេស អ៊ុយក្រែន

បរទេស ៖ ប្រទេសកាណាដាបានប្រកាស កាលពីថ្ងៃពុធថា ខ្លួននឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីគាំទ្រដល់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន រយៈពេល ៣ ឆ្នាំ ហើយនឹងបញ្ជូនទាហានបន្ថែមចំនួន ៦០ នាក់ ជាមួយនឹងលទ្ធភាពនៃការបង្កើនរហូតដល់ ៤០០ នាក់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា ខណៈដែលបុគ្គលិកយោធាកាណាដា ២០០ នាក់ កំពុងឈរជើង ក្នុងប្រទេសអ៊ុយក្រែន គឺទាហាន ៦០នាក់ទៀត នឹងត្រូវដាក់ពង្រាយនៅប៉ុន្មាន ថ្ងៃខាងមុខនេះ។

លោកស្រី Anita Anand រដ្ឋមន្ត្រីក្រសួងការពារជាតិ កាណាដា បានអះអាងថា ប្រទេសនេះបានបណ្តុះបណ្តាលទាហាន អ៊ុយក្រែន ជាង ៣០ ០០០ នាក់ ហើយថា “ការរួមចំណែកដ៏ធំបំផុត ដែលកាណាដា អាចផ្តល់ដល់អ៊ុយក្រែន នាពេលនេះគឺប្រជាជន” ។

លោកស្រីបាននិយាយថា “យើងមិនគួរមើលស្រាលសារៈសំខាន់ នៃបេសកកម្មបណ្តុះបណ្តាលនេះទេ”។

កាណាដាក៏កំពុងបញ្ជូនជំនួយទៅ អ៊ុយក្រែន ហើយនឹងចែករំលែកព័ត៌មាន សម្ងាត់ជាមួយប្រទេសនេះ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បន្តបង្ហាញការភ័យខ្លាចចំពោះ “ការឈ្លានពាន” របស់រុស្ស៊ីដែលសន្មត់ថាជា “ការឈ្លានពាន” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top