ព័ត៌មានអន្តរជាតិ

កាណាដា៖ ក្រុងអូតាវ៉ា ស្ថិតនៅក្រោម “ការឡោមព័ទ្ធ” ចំពេលមាន “ការបះបោរ” ទូទាំងប្រទេស

បរទេស៖ មន្ត្រីប្រទេសកាណាដា បានប្រកាសថា ក្បួនបាតុកម្មសេរីភាព (Freedom Convoy) ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់យើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹង ថា ក្រុមប្រឹក្សាសេវាប៉ូលីស Ottawa បានបើកកិច្ចប្រជុំបន្ទាន់មួយ កាលពីរសៀលថ្ងៃសៅរ៍ ប៉ុន្តែមិនបានរៀបចំផែនការ សកម្មភាពច្បាស់លាស់មួយប្រឆាំង នឹងអ្នកបើកបរឡានដឹកទំនិញ និងអ្នកគាំទ្ររបស់ពួកគេ ដែលតវ៉ានឹងវ៉ាក់សាំងកាតព្វកិច្ច របស់ប្រទេសអស់ រយៈពេលជាងមួយសប្តាហ៍ឥឡូវនេះ នោះទេ។

ប្រធានក្រុមប្រឹក្សាភិបាល សមាជិកក្រុមប្រឹក្សា ក្រុង Ottawa លោកស្រី Diane Deans មានប្រសាសន៍ នៅពេលចាប់ផ្តើមការពិភាក្សា តាមអនឡាញដែលមានរយៈពេលជិត 2 ម៉ោងថា «យើងស្ថិតនៅថ្ងៃទី ៨ នៃការកាន់កាប់នេះ។ ទីក្រុងរបស់យើងស្ថិតនៅក្រោមការឡោមព័ទ្ធ។ អ្វីដែលយើងកំពុងមើលឃើញ គឺធំជាងបញ្ហាទីក្រុងអូតាវ៉ា ។ នេះគឺជាការបះបោរទូទាំងប្រទេស។ នេះគឺជាភាពឆ្កួត។ យើងត្រូវការផែនការជាក់ស្តែង មួយដើម្បីបញ្ចប់បញ្ហានេះ» ។

មេប៉ូលីស Ottawa លោក Peter Sloly បានយល់ស្របនឹងការបង្ហាញពីស្ថានភាព របស់លោកស្រី Diane Deans, ដោយនិយាយថា ការអនុវត្តច្បាប់ក្នុងតំបន់ “មិនមានបំណងដោះស្រាយជាមួយទីក្រុង ដែលស្ថិតនៅក្រោមការឡោមព័ទ្ធនោះទេ” ហើយបានបរិហារពីការខ្វះខាតធនធាន និងសិទ្ធិអំណាចផ្លូវច្បាប់ ដើម្បីបំបែកការតវ៉ា៕
ប្រែសម្រួលៈ ណៃ តុលា

To Top