ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអាមេរិក-អ៊ីស្រាអែល ជួបពិភាក្សាគ្នា លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាអន្តរជាតិផ្សេងៗទៀត។

មេដឹកនាំទាំងពីរបានពិភាក្សាអំពី “បញ្ហាប្រឈមក្នុងតំបន់” និងជាពិសេស “ការឈ្លានពានរបស់អ៊ីរ៉ង់ ដែលកំពុងកើនឡើង និងជំហានដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Bennett បានអបអរសាទរលោក បៃដិន ចំពោះប្រតិបត្តិការសម្លាប់មេដឹកនាំក្រុម IS លោក Abu Ibrahim al-Hashimi al-Qurayshi ដោយកត់សម្គាល់ថា “ពិភពលោកឥឡូវនេះ គឺជាកន្លែងមានសុវត្ថិភាពជាងមុន” ។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអញ្ជើញប្រធានាធិបតីអាមេរិក និងភរិយាទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដោយបន្ថែមថា មេដឹកនាំទាំងពីរបានយល់ព្រម “ក្នុងការទំនាក់ទំនងជាទៀងទាត់ផងដែរ” ។

ការសន្ទនាតាមទូរស័ព្ទបានធ្វើឡើងនៅពេលដែលកិច្ចពិភាក្សាអន្តរជាតិនៅទីក្រុងវីយែន ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) រវាងមហាអំណាចពិភពលោក និងអ៊ីរ៉ង់ ឈានចូលដល់ដំណាក់កាលចុងក្រោយ៕

ដោយ ឈូក បូរ៉ា

To Top