ព័ត៌មានអន្តរជាតិ

មន្រ្តីទូតរុស្ស៊ីថា អ៊ុយក្រែន កំពុងជញ្ជក់យកលុយពីអង់គ្លេស និងអឺរ៉ុបយ៉ាងច្រើន ដែលអាចយកប្រើ ប្រាស់ផ្ទាល់ខ្លួន

បរទេស ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក Andrey Kelin បាន ប្រាប់សារព័ត៌មាន RT នៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសកំពុង “ឈ្លក់វង្វេង” ជាមួយអ៊ុយក្រែន ដែលកំពុងជញ្ជក់ យកប្រាក់ពីអង់គ្លេស និងសហភាពអឺរ៉ុបយ៉ាងច្រើន ដែលអាចប្រើប្រាស់សម្រាប់តម្រូវ ការក្នុងស្រុករបស់ពួកគេផ្ទាល់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kelin ក៏បានដោះបន្ទុកលើសហរដ្ឋអាមេរិកផងដែរ ដែលគាត់និយាយថា ឥឡូវនេះកំពុងប្រើប្រាស់ទណ្ឌកម្ម និងការគំរាមកំហែងជំនួសឱ្យការទូត ដោយចោទប្រកាន់ទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ថា ជាអ្នកនៅពីក្រោយស្ថានភាពដ៏ គួរឱ្យសង្វេគនៃទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច។

ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានប្រាប់ RT ទៀតថា លោកមានការសោកស្តាយដែលទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងឡុងដ៍-មូស្គូ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានវិបត្តិអ៊ុយក្រែន។ ទោះជាយ៉ាងណាលោក Kelin និយាយថា លោកមិនឃើញមានភាព ដែលសមហេតុផលច្រើនក្នុង ការឈ្លក់វង្វេងរបស់អង់គ្លេសជាមួយទីក្រុងគៀវ នោះទេ។

លោក Kelin បានកត់សម្គាល់ថា «ខ្ញុំពិតជាមិនយល់ទេថា ហេតុអ្វីបានជាចក្រភពអង់គ្លេសផ្តោត ខ្លាំងលើអ៊ុយក្រែន លើភាពចាំបាច់ដើម្បីគាំទ្រអ៊ុយក្រែន។ អ៊ុយក្រែន កំពុងប្រើប្រាស់លុយ ពីប្រទេសបារាំង អង់គ្លេស សហភាពអឺរ៉ុប ធនាគារពិភពលោក… នេះជាប្រាក់រាប់ពាន់លានដុល្លារ ដែលអាចត្រូវចំណាយ ដោយមានប្រសិទ្ធភាពច្រើនជាងនេះ ជាពិសេសក្នុងសម័យនេះ»៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top