បរទេស៖ ប្រទេសរុស្ស៊ី និង ប្រទេស បេឡារុស គ្រោងនឹងចាប់ផ្តើម ធ្វើសមយុទ្ធយោធារួមគ្នារយៈពេល ១០ថ្ងៃ ដោយទាហានរុស្ស៊ីប្រហែល 30 000 នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងសមយុទ្ធរួមគ្នានេះ ខណៈដែលក្តីបារម្ភកើនឡើងជុំវិញ ការកសាងកងកម្លាំងរុស្ស៊ី នៅតាមព្រំដែន ជាមួយប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមអង្គការណាតូថា សមយុទ្ធរួមនេះ គឺជាការដាក់ពង្រាយដ៏ធំបំផុតរបស់រុស្ស៊ី ទៅកាន់អតីតសហភាពសូវៀត បេឡារុស ចាប់តាំងពីសង្គ្រាមត្រជាក់មក។
ចំណែកសហរដ្ឋអាមេរិកវិញ គឺបានហៅសមយុទ្ធនេះថា ជាសកម្មភាព«បង្កើន»ក្នុងភាពតានតឹងជុំវិញបញ្ហាវិប្តតិអ៊ុយក្រែន។ យ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀត នូវផែនការណាមួយ ក្នុងការឈ្លានពានអ៊ុយក្រែន បើទោះបីជាប្រទេសនេះ បានប្រមូលទាហានជាង ១០ ម៉ឺននាក់ ទៅដាក់នៅព្រំដែនក៏ដោយ។
ប៉ុន្តែប្រទេសលោកខាងលិចមួយចំនួន រួមទាំងសហរដ្ឋអាមេរិក បានព្រមានថា ការវាយប្រហាររបស់រុស្ស៊ី អាចកើតឡើងនៅពេលណាក៏បាន។ កិច្ចពិភាក្សាការទូត ដែលមានគោលដៅដោះស្រាយជម្លោះ ត្រូវបានគេរំពឹងទុកនៅទូទាំងអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍៕ ប្រែសម្រួលៈ ណៃ តុលា
