វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា រដ្ឋបាលរបស់លោក បៃដិន ដែលស្វែងរកការរារាំងប្រទេសចិន ពីការផ្តល់ជំនួយដល់ប្រទេសរុស្ស៊ីដែលរងទណ្ឌកម្មកាលពីថ្ងៃពុធ បានព្រមានក្រុងប៉េកាំង មិនឱ្យទាញយកផលប្រយោជន៍ពីឱកាសអាជីវកម្មដែលបង្កើតឡើងដោយទណ្ឌកម្មជួយទីក្រុងម៉ូស្គូឱ្យគេចចេញពីការគ្រប់គ្រងការនាំចេញ ឬដំណើរការប្រតិបត្តិការហិរញ្ញវត្ថុដែលត្រូវបានហាមឃាត់របស់ខ្លួនឡើយ ។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានប្រាប់ដល់អ្នកយកព័ត៌មានថា ប្រទេសក្រុម G7 ឆាប់ៗនេះនឹងប្រកាសពីការឆ្លើយតបជារួមមួយ ដើម្បីធ្វើឱ្យប្រាកដថា រុស្ស៊ី មិនអាចគេចវេសពីទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ដោយមានជំនួយពីប្រទេសចិន ឬប្រទេសណាមួយផ្សេងទៀត។
ថ្លែងនៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចស៊ែល ដែលជាកន្លែងដែលលោកប្រធានាធិបតី ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូល NATO បន្ទាន់។ លោក Sullivan បានលើកឡើងថា “នោះមិនមែនជាពិសេសអំពីប្រទេសចិន នោះទេ ប៉ុន្តែវានឹងអនុវត្តចំពោះរាល់សេដ្ឋកិច្ចសំខាន់ៗ និងការសម្រេចចិត្តដែលសេដ្ឋកិច្ចទាំងអស់ត្រូវព្យាយាម ។ តាមចេតនា និងសកម្ម ដើម្បីបន្ទន់ទណ្ឌកម្មដែលយើងបានដាក់ចេញ” ។
លោកបានថ្លែងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជូនសារនេះទៅកាន់ប្រទេសចិន ហើយថា “យើងរំពឹងថា នឹងមានទំនាក់ទំនងស្រដៀងគ្នាដោយសហភាពអឺរ៉ុប និងបណ្តាប្រទេសអឺរ៉ុបនីមួយៗ” ។
បន្ទាប់ពីលោក បៃដិន បានសន្ទនាតាមវីដេអូជាមួយប្រធានាធិបតីចិន ហ្ស៊ី ជិនពីង (Xi Jinping) កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំង បានថ្កោលទោសការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ។ ប្រទេសចិន បាននិយាយថា “ការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ និងមិនរើសអើងនឹងធ្វើឱ្យប្រជាជនរងទុក្ខ” ហើយមិនគួរ “កើនឡើងបន្ថែមទៀត” នោះទេ ៕