ទីក្រុងស្តុកខុល —
ការចំណាយខាងយោធានៅលើពិភពលោក បានកើនឡើងជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០២១កន្លងទៅ ស្របពេលដែលប្រទេសរុស្ស៊ីបានបង្កើនសកម្មភាពយោធារបស់ខ្លួន មុនការចូលឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើតាមអ្នកស្រាវជ្រាវមួយចំនួន ដែលបានលើកឡើងនៅថ្ងៃចន្ទនេះ ដោយប៉ាន់ស្មានថា និន្នាការនៃការចំណាយលើផ្នែកយោធានេះ នឹងនៅបន្តទៅមុខទៀត ជាពិសេសប្រទេសនៅក្នុងទ្វីបអឺរ៉ុប។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
បើទោះបីជាសេដ្ឋកិច្ចមានការធ្លាក់ចុះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ក្តី ក៏ប្រទេសជាច្រើននៅជុំវិញពិភពលោកបានបង្កើនឃ្លាំងស្តុកអាវុធរបស់គេ ដោយការចំណាយផ្នែកយោធាជាសាកលមានការកើនឡើងប្រមាណ០,៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។ នេះបើតាមរបាយការណ៍មួយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល ឬហៅកាត់ថា Sipri។
លោក Diego Lopes da Silva ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Sipri បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «នៅក្នុងការចំណាយផ្នែកយោធាក្នុងឆ្នាំ២០២១ មានការកើនឡើង៧ដងជាប់ៗគ្នា ដោយមានទឹកប្រាក់ប្រមាណ២,១លាន លានដុល្លារ។ នេះជាតួលេខមួយដែលយើងមិនដែលធ្លាប់មានក្នុងពេលកន្លងមក។
ការចំណាយផ្នែកយោធារបស់រុស្ស៊ី មានការកើនឡើងប្រមាណ២,៩ភាគរយ ដែលជាការកើនឡើងក្នុងឆ្នាំទី៣ជាប់ៗគ្នាដែលមានទឹកប្រាក់រហូតដល់ ៦៥,៩ពាន់ លានដុល្លារ។
លោក Lopes da Silva បាននិយាយថា ការចំណាយផ្នែកការពារជាតិរបស់រុស្ស៊ីមានចំនួនប្រមាណ ៤,១ភាគរយនៃផលិតផលសរុបក្នុងស្រុក GDP របស់រុស្ស៊ីដែលមានចំនួនខ្ពស់ជាងការចំណាយមធ្យមរបស់ពិភពលោកហើយដែលបានធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូជាប្រទេសដែលមានការចំណាយដ៏ធំបំផុតទី៥នៅក្នុងពិភពលោក។
លោកបានកត់សម្គាល់ថា ប្រាក់ចំណូលមកពីប្រេងនិងឧស្ម័នបានជួយឲ្យរុស្ស៊ីបង្កើនការចំណាយលើវិស័យយោធា ហើយការចំណាយដ៏ខ្ពស់របស់រុស្ស៊ីនឹងបន្តរហូតដល់ចុងឆ្នាំ។
អ្នកស្រាវជ្រាវរូបនេះបានឲ្យដឹងទៀតថា «ការចំណាយនេះកើតមានឡើង ខណៈដែលរុស្ស៊ីបានប្រមូលកម្លាំងទ័ពត្រៀមនៅតាមបណ្តាយព្រំដែនជាមួយអ៊ុយក្រែន មុនការចូលឈ្លានពានរបស់ខ្លួនកាលពីចុងខែកុម្ភៈនោះ។
លោកបន្តទៀតថា វាពិបាកនឹងធ្វើការប៉ាន់ស្មានថាតើរុស្ស៊ីនឹងនៅតែអាចរក្សាការចំណាយដ៏ខ្ពស់ខាងយោធារបស់ខ្លួន ឬយ៉ាងណានោះ ដោយសារតែមានការដាក់ទណ្ឌកម្មជាច្រើនដោយប្រទេសលោកខាងលិចដែលជាការឆ្លើយតបចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ទន្ទឹមនឹងនេះដែរ ការចំណាយខាងយោធារបស់អ៊ុយក្រែនក៏បានកើនឡើងរហូតដល់៧២ភាគរយផងដែរចាប់តាំងពីរុស្ស៊ីចាត់ទុកតំបន់ Crimea ជាផ្នែកមួយនៃទឹកដីរបស់រុស្ស៊ីនោះ។
ខណៈដែលភាពតានតឹងកំពុងកើនមានឡើងនៅទ្វីបអឺរ៉ុបនោះ ប្រទេសជាច្រើនដែលជាសមាជិករបស់អង្គការអូតង់ក៏បានបង្កើនការចំណាយខាងយោធារបស់ខ្លួនដែរ។
លោក Lopes da Silva និយាយថា លោករំពឹងថា ការចំណាយផ្នែកយោធារបស់ប្រទេសក្នុងទ្វីបអឺរ៉ុបនឹងបន្តកើនឡើង។
ដោយឡែកសហរដ្ឋអាមេរិកដែលមានការចំណាយលើផ្នែកយោធាច្រើនជាងប្រទេសណាៗទាំងអស់នោះដោយមានទឹកប្រាក់ប្រមាណ៨០១ពាន់លានដុល្លារនោះ មានការថយចុះការចំណាយយោធារបស់ខ្លួនក្នុងឆ្នាំ២០២១ក្នុងចំនួន១,៤ភាគរយ។
ដោយឡែកប្រទេសចិនដែលជាប្រទេសចំណាយដ៏ធំបំផុតទី២លើវិស័យយោធាក្នុងចំនួនទឹកប្រាក់ដែលត្រូវប៉ាន់ស្មានប្រមាណ២៩៣ពាន់លានដុល្លារបានបង្កើនការចំណាយរបស់ខ្លួនក្នុងកម្រិត៤.៧ ភាគរយ ដែលជាការបង្កើនការចំណាយខាងយោធាក្នុងរយៈពេល២៧ឆ្នាំជាប់ៗគ្នា។
ប្រទេសជប៉ុនបានបង្កើនការចំណាយខាងយោធាប្រមាណ៧ពាន់លានដុលា្លរដោយកើនឡើង៧,៣ភាគរយ ដែលជាការកើនឡើងការចំណាយខាងយោធាដ៏ខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៧២មក។
ប្រទេសអូស្ត្រាលីបានចំណាយប្រមាណ៤ភាគរយលើផ្នែកយោធារបស់ខ្លួនក្នុងទឹកប្រាក់ប្រមាណ៣១.៨ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ហើយប្រទេសឥណ្ឌាដែលជាប្រទេសចំណាយធំបំផុតទី៣នៅក្នុងពិភពលើវិស័យយោធានេះ បានចំណាយប្រាក់ប្រមាណ៧៦,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២១៕
(អត្ថបទ៖ VOAក្រោមកិច្ចសហការរបស់មជ្ឈមណ្ឌលព៍ត៌មាន ដើមអម្ពិល ជាមួយ USAGM)