ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក វាយតម្លៃថា កូរ៉េខាងជើង អាចនឹងត្រៀមធ្វើតេស្ត ICBM ក្នុងរយៈពេលប៉ុន្មានថ្ងៃ

វ៉ាស៊ីនតោន៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងហាក់ដូចជា កំពុងរៀបចំ សម្រាប់ការសាកល្បងកាំជ្រួចអន្តរទ្វីប ដែលអាចកើតមានក្នុងរយៈពេលពី ៤៨ ទៅ ៩៦ ម៉ោងខាងមុខ ដូចដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គ្រោងនឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ី ដោយដកស្រង់សម្តី មន្ត្រីសហរដ្ឋអាមេរិក ដែលដឹងពីការវាយតម្លៃស៊ើបការណ៍សម្ងាត់ ចុងក្រោយបង្អស់។

លោក បៃដិន គ្រោងនឹងធ្វើទស្សនកិច្ចរយៈពេល ៥ថ្ងៃទៅកាន់កូរ៉េខាងត្បូង និងជប៉ុនចាប់ពីថ្ងៃសុក្រនេះ សម្រាប់អ្វីដែលនឹងក្លាយជា ការធ្វើដំណើរលើកដំបូងរបស់លោក ទៅកាន់តំបន់ចាប់តាំងពីឡើង កាន់តំណែងកាលពីឆ្នាំមុន។

ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងចំពេល មានការព្រួយបារម្ភថា កូរ៉េខាងជើង ក៏កំពុងត្រៀមខ្លួនធ្វើការសាកល្បង នុយក្លេអ៊ែរ ជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

មន្ត្រីរូបនេះត្រូវបានគេដកស្រង់សម្ដីថា “អ្វីដែលយើងបានកត់សម្គាល់ ក្នុងពេលកន្លងមកសម្រាប់ការបាញ់បង្ហោះ (ICBM) គឺជាអ្វីដែលយើងកំពុងកត់សម្គាល់ នៅពេលនេះ”។

យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា ទីតាំងបាញ់បង្ហោះក្រោមការអង្កេតផ្កាយរណប មានទីតាំងនៅជិតទីក្រុងព្យុងយ៉ាង។ មន្ត្រីរូបនេះ នឹងមិនបញ្ជាក់លម្អិតអំពីរូបភាពបច្ចុប្បន្ននោះទេ ប៉ុន្តែជាធម្មតា អ្នកវិភាគស៊ើបការណ៍ស្វែងរកសញ្ញានៃរន្ទា ឬឧបករណ៍បាញ់បង្ហោះផ្សេងទៀត ប្រេងឥន្ធនៈ យានជំនិះ និងបុគ្គលិក។

ប្រទេសកូរ៉េខាងជើង បាននឹងកំពុងបាញ់សាកល្បង មីស៊ីលផ្លោងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានការថ្កោលទោស ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីទាំងពីរក៏ដោយ។

កាលពីខែមីនា ទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់បង្ហោះកាំជ្រួច ICBM ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបញ្ចប់ការផ្អាកដោយខ្លួនឯង លើការបាញ់សាកល្បងកាំជ្រួចបែបនេះ ដែលបានអូសបន្លាយ ដល់ខែមេសា ឆ្នាំ២០១៨។ ខ្លួនក៏បានសាកល្បងប្រព័ន្ធ ICBM ក្នុងការសាកល្បងកាំជ្រួចមុនៗផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top